(ភ្នំពេញ)៖ ក្នុងសណ្ឋាគាម៉ូឌែន៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសឲ្យលោក ជា ពិសី ចូលកាន់តំណែងជាផ្លូវការ ពីអនុប្រធាន ទៅជាប្រគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដោយយោងតាមសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយពីលោក ធុយ សុខន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានសំណើរសុំផ្ទេរភារកិច្ចចេញពីប្រធានគណបក្សខណ្ឌឫស្សីកែវ។

ក្នុងពិធីអបអរសាទរ ប្រកាសតែងតាំងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ខាងលើនេះ លោក ប៉ា សុជាតិវង្ស បានថ្លែងថា សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានសំណើរសុំផ្ទេរភារកិច្ចចេញពីប្រធានគណបក្សខណ្ឌឫស្សីកែវ គឺបានបន្សល់ទុកនូវសមិទ្ធិផលយ៉ាងច្រើន ជូនដល់គណបក្ស និងសម្រាប់ក្មេងជំនាន់ក្រោយបន្តវេនអនុវត្ត បន្ទាប់ពីលោក ធុយ សុខន អតីតប្រធានគណបក្សខណ្ឌ មានជម្ងឺធ្វើទុកភ្នែកខ្លាំង ដែលមិនមែនជាការងាយស្រួល ក្នុងបំពេញភារកិច្ចស្នូល ជូនគណបក្សឲ្យបានល្អប្រសើរបន្តទៅទៀតបាន។

ជាមួយគ្នានោះ លោក ជា ពិសី ដែលទើបប្រកាសតែងតាំង ជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចអនុវត្តឲ្យបាននូវគោលដៅ និងគោលការណ៍របស់គណបក្ស ដោយខិតខំជំរុញនូវកម្មវិធីនយោបាយសំដៅការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យនានា ដែលជាយុទ្ធសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕