(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា ការរៀបចំស្ទើតែមួយរយភាគរយហើយ ត្រៀមដើម្បីចូលរួមអបអរសាទរមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជាតិ៧មករា ទាំងនៅភ្នំពេញ និងនៅទីរួមខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីមន្ត្រីទទួលបន្ទុករៀបចំ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជាតិ៧មករា នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា ពិតណាស់កន្លងទៅថ្មីៗនេះ ខេត្តកំពង់ចាម បានរៀបចំការចូលរួមការដាក់តាំងពិពណ៌ ក៏ដូចជា ការចូលរួមអបអរសាទរការសម្ភោធ វិមានឈ្នះ ឈ្នះ បានដោយរលូន ចប់សព្វគ្រប់ទៅតាមកម្មវិធីដែលបានព្រាងទុកបានយ៉ាងល្អ។ ដូច្នេះថ្ងៃនេះ កម្មវិធីបន្តនៅថ្ងៃខាងមុខ ក៏សូមឲ្យមន្ត្រីទាំងអស់មានការប្រឹងប្រែងថែមទៀត សម្រាប់ការដឹកនាំចាត់ចែង នូវពិធីបុណ្យជាតិ៧មករា ទាំងថ្នាក់ជាតិ និងថ្នាក់មូលដា្ឋនរបស់យើងនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ឲ្យបានល្អប្រសើរផងដែរ។
លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាថ្នាក់ដឹកនាំក្បួនដង្ហែព្យុះហយាត្រាក្នុងពិធីបុណ្យជាតិ៧មករា បានថ្លែងថា ដើម្បីសម្រេចឆ្ពោះទៅគោលដៅបេសកកម្មរៀបចំ ទិវាបុណ្យជាតិ៧មករា មកដល់ពេលនេះ លោកបានចាត់ចែង រៀបចំកម្លាំងក៏ដូចជា រថយន្តដង្ហែរក្បួនព្យុះហយាត្រា រួចជាស្រេចហើយ ដើម្បីចូលរួមការប្រារព្ធពិធីបុណ្យជាតិ៧មករា នៅរាជធានីភ្នំពេញ និងនៅក្នុងទីរួមខេត្តកំពង់ចាមឲ្យបានល្អប្រសើរ៕