(កណ្តាល)៖ នារីជាជនរងគ្រោះ២នាក់ ដោយលង់នឹងពាក្យលួងលោមរបស់ប្រុសស្នេហ៍ខ្លួន សុខចិត្តថតរូបអាក្រាតកាយផ្ញើឲ្យប្រុសស្នេហ៍បានឃើញ មុននឹងបានគ្នាជាប្តីប្រពន្ធ ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់ ប៉ុន្តែចំប្រុសស្នេហ៍ចិត្តមិនស្មោះ បានរូបថតអាក្រាសដល់ដៃ ទុកគំរាមទារលុយយកបានម្នាក់ៗជិត២០០០ដុល្លារ។
ដោយអស់លទ្ធភាពនឹងផ្តល់លុយតាមសេចក្តីត្រូវការរបស់ខាងប្រុស ទើបនារីរងគ្រោះប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះវេរលុយនៅផ្សារអង្គការ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ទី១៖ ឈ្មោះ គ.គ ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មការិនីរោងចក្រ រស់នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល និងទី២៖ ឈ្មោះ ជ.ធ ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាកម្មការិនីរោងចក្រ រស់នៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យវិញឈ្មោះ ចេង មិត្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់ មានទីលំនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នគរបាលបានបន្តទៀតថា បើយោងតាមនារីរងគ្រោះរៀបរាប់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨កន្លងទៅ ជនរងគ្រោះទាំង២នាក់ និងជនសង្ស័យបានស្គាល់គ្នាតាមទូរស័ព្ទ និង Facebook។ បន្ទាប់ពីបាននិយាយ និង Chat ជាមួយគ្នាជាហូរហែរមក បានប្រមាណជា១សប្ដាហ៍ ស្រាប់តែជនសង្ស័យខាងលើ បានសុំមើលរូបថតអាក្រាតកាយរបស់ជនរងគ្រោះទាំង២នាក់ (ម្នាក់ម្ដង) ដោយលួងថាមុនក្រោយគង់តែប្តីប្រពន្ធនឹងគ្នា។ ចំណែកជនរងគ្រោះទាំង២នាក់ ក៏សម្រេចចិត្តផ្ញើរូបអាក្រាតកាយ ទៅឲ្យជនសង្ស័យតាម Facebook ឈ្មោះ Ahmoa Tps។
នគរបាលបានបន្តថា ជនសង្ស័យក្រោយពីទទួលបានរូបថតអាក្រាតកាយ នៅក្នុងដៃហើយជនសង្ស័យ ក៏បានទូរស័ព្ទសុំលុយពីជនរងគ្រោះទាំង២នាក់ តែជនរងគ្រោះពុំព្រមឲ្យ ពេលនោះជនសង្ស័យបាននិយាយ គំរាមយករូបថតអាក្រាតកាយរបស់ពួកគេទាំង២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយ Facebook ប្រសិនបើមិនផ្ញើលុយឲ្យ។
ជនរងគ្រោះទាំង២នាក់ ដោយមានការភ័យខ្លាចជនសង្ស័យយករូប ភាពអាក្រាតបង្ហោះចូលក្នុង Facebook បានដើររកលុយផ្ញើទៅឲ្យជនសង្ស័យ តាមរយៈភ្នាក់ងារវេរលុយជាបន្តបន្ទាប់សរុបជាទឹកប្រាក់ម្នាក់ៗអស់៖ នារីរងគ្រោះទី១ សរុបចំនួន១,៨០០,០០០រៀល និង ៥០០ដុល្លារអាមេរិក និងនារីរងគ្រោះទី២ អស់សរុបចំនួន១៧០០ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៦៤ម៉ឺនរៀល។
នគរបាលបានបន្តទៀតថា ដោយអស់លទ្ធភាពដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ទើបមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកណ្តាល ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ តាមចាប់មុខសញ្ញាយកមកបន្តចាត់ការតាមនីតិវិធី។
ដោយមានការសហការពីកម្លាំងនគរបាលនៃការិយាល័យកំរិតស្រាលខេត្តកណ្តាល កម្លាំងនគរបាលស្រុកកោះធំ និងនគរបាលខេត្តកែវ ធ្វើការស្រាវជ្រាវលុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្ទះវេរលុយនៅផ្សារអង្គការ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានស្គាល់គ្នាជាមួយជនរងគ្រោះទាំង០២នាក់ តាមរយៈ Facebook ក្រោយមកជនសង្ស័យបានលួងលោម ជនរងគ្រោះឲ្យថតរូបអាក្រាតកាយផ្ញើឲ្យមើលលុះ ពេលបានរូបអាក្រាតហើយ គេបែកគំនិតទុកគំរាមទារប្រាក់ រួចក៏ទូរស័ព្ទទៅជនរងគ្រោះឲ្យផ្ញើឲ្យខ្លួន បើមិនដូច្នោះទេ គេនឹងបង្ហោះរូបអាក្រាតកាយរបស់ជនរងគ្រោះទៅក្នុង Facebook ឲ្យសាធារណជនបានឃើញពិតប្រាកដមែន៕