(ភ្នំពេញ)៖ ស្ត្រីអ្នករើសអេតចាយដែលមានជីវភាពទីទ័លក្រជួបទុក្ខលំបាកខ្លាំងម្នាក់ រស់នៅក្នុងបរិវេណវត្តជម្ពូវ័នស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅនាវេលាម៉ោង១៖២០នាទីនាយប់រំលងអាធ្រាត្រចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ បានឈឺពោះសម្រាលកូននៅលើតុកតុក ព្រមទាំងមានធ្លាក់ឈាមនៅតាមផ្លូវផងដែរខណៈកំពុងធ្វើតំណើរស្វែងរកការសង្គ្រោះ។ ជាសំណាងល្អពេលធ្វើដំណើរមកដល់មន្ទីរពហុព្យាបាលដូនពេញសែនសុខ ក៏ត្រូវបានក្រុមគ្រូពេទ្យនិងវេជ្ជបណ្ឌិតជំនាញជួយសង្គ្រោះផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីកម្សត់ទុរគតខាងលើ មានឈ្មោះ យន់ ភា អាយុ៣០ឆ្នាំ មានប្តីឈ្មោះ ភាវ កំសត់ អាយុ៣២ឆ្នាំ ដែលប្តីប្រពន្ធទាំងពីររូបនេះសុទ្ធសឹងតែជាកូនកំព្រាគ្មានអាណាព្យាបាល ដោយរួមរស់ជាមួយគ្នាមានកូន៤នាក់ក្នុងបន្ទុក និងស្នាក់នៅក្នុងវត្តជម្ពូវ័ន្ត ដោយប្រកបមុខរបបជាអ្នករើសអេតចាយទាំងគ្រួសារ។

ដោយឃើញស្ថានភាពដ៏សែនលំបាករបស់ក្រុមគ្រួសារខាងលើ លោកវេជ្ជបណ្ឌិត សុខ ចិត្ត ដែលជាប្រធាន និងជាអ្នកចាត់ការទូទៅ​នៃមន្ទីរពហុព្យាបាលភ្នំពេញសែនសុខ ព្រមទាំងបុគ្គលិកទូទៅ ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួន ព្រមទាំងបានអំពាវនាវទៅដល់សបុរស្បជនក្នុងនិងក្រៅប្រទេស សូមមេត្តជួយឧបត្ថម្ភដល់ក្រុមគ្រួសារមួយនេះ ដើម្បីមានទីលំនៅជ្រកកោនសមរម្យ និងកូនៗទាំង៤នាក់បានមានឱកាសបានចូលរៀនសូត្រ ដើម្បីមានចំណេះដឹងអាចជួយកែប្រែជីវភាពគ្រួសារទៅថ្ងៃខាងមុខ។

គួររំលឹកផងដែរថា ទង្វើមនុស្សធម៌នេះមិនមែនតែលើកទី១ឡើយ ដែលក្រុមគ្រូពេទ្យ នៃមន្ទីរពហុព្យាបាលដូនពេញសែនសុខ បានធ្វើចំពោះប្រជាពលរដ្ឋក្រីក្រកំពុងជួបទីទ័លលំបាក ពោលគឺកន្លងមកក្រុមគ្រូពេទ្យតែងតែយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋទីទ័លក្រគ្រប់ពេល៕