(ព្រះវិហារ-ភ្នំពេញ)៖ សំណុំរឿងភ្លើងប្រច័ណ្ឌប្ដីដើម ​​ចាក់ជាច្រើនកាំបិតបណ្តាលឲ្យបុរស​ជាជនជាតិចិន ​ប្ដីក្រោយរបស់អតីតប្រពន្ធ និងម្តាយក្មេករបួសធ្ងន់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវ​កម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការឈានដល់ជោគជ័យនេះ ត្រូវឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ និងស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកទល់ល្ងាចថ្ងៃទី០៣ ខែមករានេះ កម្លាំងសមត្ថកិច្ចកំពុងតែបញ្ជូនខ្លួនជនដៃដល់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្ដការសួរនាំ ទើបបញ្ជូនមករាជធានីភ្នំពេញវិញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ យ៉ាងណាក៏ដោយ លោកស្នងការ មិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ ខណៈដែលមជ្ឈដ្ឋានមួយចំនួន បានបញ្ជាក់ថា ជនដៃដល់ជាមន្ដ្រីយោធា។

សូមជម្រាបថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ បើតាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានឲ្យដឹង​ថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះបានស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី។

បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​​ រីឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​រុស្ស៊ីតែ​​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​៕