
ឯកអគ្គរដ្ឋទូតចិនថ្មី អនុញ្ញាតឲ្យនាយកប្រតិបត្តិ Fresh News ដឹកនាំក្រុមការងារជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម (Video Inside)
03-01-2019 18:56
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ លោក Wang Wentian (លោក វ៉ាង វិនធាន) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតឱ្យលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដឹកនាំក្រុមការងារជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងស្ថានទូតចិន។
នៅក្នុងជំនួបរយៈពេល១ម៉ោងនោះ លោក Wang Wentian បានសម្តែងការកោតសរសើរចំពោះសារព័ត៌មាន Fresh News ដែលមាន៣ភាសា (ភាសាខ្មែរ ចិន និងអង់គ្លេស) ដែលបានផ្សាយព័ត៌មានយ៉ាងឆាប់រហ័សដល់មិត្តអ្នកអាន ជាពិសេសបានផ្សព្វផ្សាយយ៉ាងច្រើន ក្នុងនោះក៏មានការផ្សព្វផ្សាយអំពីទំនាក់ទំនងរវាងចិន និងកម្ពុជាផងដែរ។
លោក លឹម ជាវុត្ថា បានពន្យល់ប្រាប់ឯកអគ្គរដ្ឋទូតចិនថ្មីអំពីវិសាលភាពរបស់ Fresh News ដែលបច្ចុប្បន្នបាន និងកំពុងទទួលការគាំទ្រ ពីមិត្តអ្នកអានជាតិ និងអន្តរជាតិរាប់លាននាក់ និងបានក្លាយជាសារព័ត៌មាននាំមុខមួយ នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក Wang Wentian បានកាន់តំណែងជា អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា កាលពីចុងឆ្នាំ២០១៨ បន្តពីលោក ស្យង់ ប៉ូ អគ្គរដ្ឋទូតចាស់ ដែលផុតអាណត្តិ៕