Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត ស្នើដល់មន្ត្រីក្រោមឱវាទ បន្តបង្កើនការយកចិត្តទុកដាក់ក្នុងឆ្នាំ២០១៩ ដើម្បីរួមគ្នាអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនថែមទៀត

03-01-2019 18:54

(កំពត)៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត បន្តបង្កើនការយកចិត្តទុកដាក់ និងសហការគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីរួមគ្នាអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនថែមទៀត ឈានទៅឆ្លើយតបបាននូវតម្រូវការ របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃចំពោះលទ្ធផល នៃការអនុវត្តការងារប្រចាំឆ្នាំ២០១៨កន្លងមក ដែលរដ្ឋបាលខេត្តសម្រេចបាន សមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជាពិសេស ការផ្តល់សេវារដ្ឋបាល សេវារដ្ឋបាលសាធារណៈ និងការអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើជូនប្រជាពលរដ្ឋគួរអោយមោទនៈ។

លទ្ធផលជាវិជ្ជមាននេះកើតចេញពីការប្រឹងប្រែង របស់មន្ត្រីទាំងអស់ ទាំងអាជ្ញាធរ ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្ត ដែលបានរួមសហការ កៀកស្មាគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាសាមគ្គីផ្ទៃក្នុងបានល្អ។

លោកបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្ត រូបលោកផ្ទាល់ មានការសង្ឃឹមជឿជាក់ថា ឆ្នាំ២០១៩ នឹងបន្តនាំមកនូវសមិទ្ធផល និងលទ្ធផលកាន់តែរីកចម្រើនច្រើនឡើងថែមទៀត សម្រាប់ប្រទេសជាតិយើង និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តកំពតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកជម្រុញផ្ដាំផ្ញើដល់បណ្ដា អាជ្ញាធរ ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បន្តយកចិត្តទុកដាក់សហការគ្នាឲ្យបានកាន់តែខ្លាំងក្លា ថែមទៀតសំដៅបង្កើនល្បឿន ក្នុងកិច្ចអភិវឌ្ឍន៍ដើម្បីបម្រើប្រយោជន៍ និងបង្កើនជីវភាពប្រជាពលរដ្ឋឲ្យបានកាន់ប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ៕