(កំពង់ស្ពឺ)៖ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ​រវាងរថយន្ដដឹកថ្ម និងរថយន្ដធុនតូចធំ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្ដដឹកថ្ម (មិនមែនរថយន្តកុងតឺន័រ) ដាច់ហ្វ្រាំងពេលកំពុងចុះចំណោត ហើយជ្រុលទៅបុករថយន្ដផ្សេងទៀត២០គ្រឿងរងការខូ​ចខាត និងបណ្តាលឲ្យស្លាប់ម្នាក់ របួស៨នាក់។

ស្នងការ​​គរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅល្ងាចនេះបញ្ហាកកស្ទះចរាចរណ៍ត្រូវបានដោះស្រាយ និងអាចធ្វើដំណើរបាន ទៅជាធម្មតាហើយ ក្រោយពីកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍សម្រួលនៅទីនោះ។ តែយ៉ាងណាក៏ដោយនោះ លោកស្នងការ កំពុងតែរកវិធី ដើម្បីយករថយន្តទាំងនោះចេញពីកន្លែងកើតហេតុ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏នៅតែបញ្ជាក់ថា «មកដល់ម៉ោងនេះ មានអ្នកស្លាប់ម្នាក់ និងរបួស៨នាក់ ហើយរថយន្តបង្កដឹកថ្ម ធ្វើដំណើរពីកើតទៅលិច ស្រាប់តែដាច់ហ្វ្រាំងតែម្តង»។

អ្នកឃើញហេតុការណ៍ បានបញ្ជាក់ជំហានដំបូងថា ដំបូងឡើងរថយន្ដមួយគ្រឿង កំពុងចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានតែងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានទៅជួយអន្ដរាគន៍ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលស្ថានភាពចរាចរណ៍ ក៏មានការកកស្ទះយ៉ាងខ្លាំងផងដែរ នៅម្ដុំកន្លែងកើតហេតុខាងលើ៕