(ភ្នំពេញ)៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងថា ប្រជាពលរដ្ឋអាយុ២៥-៦៤ឆ្នាំ ធាត់ ឬលើសទម្ងន់ និងមានជំងឺច្រើន ដោយសារការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ។

ការថ្លែងដូច្នេះ របស់វេជ្ជបណ្ឌិត ក្នុងឱកាសបើកសិក្ខាសាលាស្ដីពី បញ្ជ្រាបចំណេះដឹង អំពីការកាត់បន្ថយញ៉ាំភេសជ្ជៈផ្អែម តាមរយៈការអនុវត្តសុខុមាលភាពទីកន្លែង, នាព្រឹកថ្ងៃទី៣ មករា ២០១៩នេះ មានសិក្ខាកាមអញ្ជើញមកពី ក្រុមប្រឹក្សាសង្កាត់ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព មកពីខណ្ឌចំនួន០៣ គឺខណ្ឌច្បារអំពៅ ខណ្ឌដង្កោ និងខណ្ឌ៧មករា សរុបប្រមាណ២០០នាក់។

លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ថា ការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ បណ្តាលឲ្យយើងមានជំងឺជាច្រើន ពិសេសនៅកម្ពុជា ក៏ដូចជាបណ្តាលប្រទេសលើពិភពលោក មានករណីជំងឺមិនឆ្លងជាច្រើន ដែលបណ្តាលមកពីភេសជ្ជៈផ្អែមនេះ។

ជាក់ស្ដែងនៅតាមអង្កេតឆ្នាំ២០១៦បានបង្ហាញថា ភាគរយនៃប្រជាពលរដ្ឋអាយុ២៥ឆ្នាំទៅ៦៤ឆ្នាំ ដែលលើសទម្ងន់/ធាត់ បានកើនពី១៥,៤% នៅឆ្នាំ២០១០ ឡើងដល់ ២១,៩% នៅឆ្នាំ២០១៦។ ភាគរយនៃអ្នកមានជាតិស្ករលើសក្នុងឈាមកើនពី១,៤% ដល់៩,៦% នៅកំឡុងពេលដូចគ្នា។

លោកវេជ្ជបណ្ឌិត បន្តទៀតថា កន្លងមកយើងតែងតែចាប់អារម្មណ៍តែរឿងស្រា គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗ តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍បន្ថែមទៀត ចង់ឱប្រជាពលរដ្ឋស្វែងយល់ពីការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ ដែលមិនបានដឹង ជាពិសេសកុមារតូចៗ ទទួលរងផលប៉ៈពាល់សុខភាព តាំងពីតូចរហូតដល់ធំ។ ដូច្នេះសូមឲ្យបងប្អូនទាំងអស់គ្នា យកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម ដោយដោះស្រាយបញ្ហាដែលកើតមាននេះ ឲ្យប្រជាពលរដ្ឋយើងមានសុខភាពល្អ។

ជាមួយគ្នានោះដែរ សិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាមប្រមាណ២០០នាក់ បាននិយាយថា សម្រាប់រូបលោក គឺជាលើកដំបូងក្នុងវគ្គនេះ បានផ្តល់នូវចំណេះដឹង ក៏ដូចជាសិក្ខាកាមមកពីបណ្តាលអង្គភាពផ្សេងទៀត យកទៅផ្សព្វផ្សាយ និងអនុវត្តបន្ត ដើម្បីចូលរួមលើកសុខុមាលភាពពួកគាត់ឲ្យមានភាពល្អប្រសើរ។

ទន្ទឹមនឹងនោះ នាយិការងរដ្ឋបាល រាជធានីភ្នំពេញ លោកស្រី សក់ ចិន្តារី បានថ្លែងថា ដើម្បីកាត់បន្ថយការឈឺ ស្លាប់ដោយសារជំងឺសរសៃឈាម ជំងឺបេះដូង និងជំងឺផ្សេងៗ រដ្ឋបាលរាជធានីភ្នំពេញ បញ្រ្ជាបការយល់ដឹងអំពីការកាត់បន្ថយ ការទទួលទានភេសជ្ជៈផ្អែម ក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសទៅលើសិស្សានុសិស្សនៅតាមសាលារៀន ដោយត្រូវបង្ហាញនៅលើផ្ទាំងប៉ាណូធំៗ នៅតាមមហាវិថី និងសួនច្បារទីសាធារណៈ ការចាក់ផ្សាយវីដេអូអប់រំ ផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គមមួយចំនួន។

លោកស្រី បញ្ជាក់ថា នេះគឺជាការចូលរួមសហការគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងក្រសួងសុខាភិបាលកន្លងមក ហើយនេះ គឺជាសកម្មភាពមួយ នៃភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុង ដែលជាបណ្តាញពិភពលោក នៃទីក្រុងខិតខំកាត់បន្ថយជំងឺមិនឆ្លង និងរបួស។ ពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា បានធ្វើឲ្យមានការរីកលូតលាស់ និងសម្រេចបានយ៉ាងលឿនលើគ្រប់វិស័យ។

លោកស្រី បានបន្ថែមថា បញ្ហាសុខភាព គឺសំខាន់ណាស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកាត់បន្ថយនូវហានិភ័យ នៃជំងឺមិនឆ្លង និងរបួសតាមគ្រឹះស្ថានសិក្សា មានកន្លែងសម្រាប់ឲ្យសិស្សានុសិស្ស លាងសម្អាតដៃ ឲ្យបានស្អាត ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ហើយការទទួលទានភេសជ្ជៈផ្អែមលើស អាចបណ្តាលឲ្យមានបញ្ហាសុខភាពផងដែរ៕