(ឧត្ដរមានជ័យ)៖​ ស្ដ្រីម្នាក់បានស្លាប់ក្រោយពេលសម្រាកកូន នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កាលពីយប់ឈានថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដោយសារតែហូរឈាម មិនឈប់ចេញពីស្បូន។ ក្រោយហេតុការណ៍នេះ ប្ដីរបស់ស្ដ្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលស្រុកអន្លងវែង ដើម្បីរកយុត្តិធម៌ និងទារសំណងជំងឺចិត្ត ១៥,០០០ដុល្លារ។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង លោក នៅ សំអន បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសូមសម្ដែង នូវការសោកស្ដាយ ចំពោះរឿងដ៏សោកសៅខាងលើនេះ ខណៈដែលក្រុមគ្រួសារពេទ្យជំនាញ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពហើយ ដើម្បីធ្វើការសង្គ្រោះស្ដ្រីរងគ្រោះខាងលើ។

យ៉ាងណាក៏ដោយ បុរសជាប្ដី​របស់​ស្រ្ដីរងគ្រោះ ដែលបានដើរដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឈ្មោះ ហេង ខេង អាយុ៣៧​ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ​ ខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនដែលស្លាប់នោះឈ្មោះ​ ឃឿម សុធា​​ អាយុ២៨ឆ្នាំ​។

បុរសជាប្ដីបានបន្ថែមថា​ ប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែ​ ដឹកមកសម្រាលកូននៅមន្ទីពេទ្យបង្អែក​ ស្រុកអន្លង់វែង​ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៨ រហូតដល់វេលាម៉ោង១រំលងអាធ្រាត្រ ​បានសម្រាលកូនរួចធ្លាក់ឈាមរហូតដល់ម៉ោង៣៖​៣០​នាទី​ យប់ដដែលក៏បានស្លាប់បាត់បង់ជីវិត​ នៅរស់តែទារកដែលទើបនិងកើត។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង ក៏បានបំភ្លឺជុំវិញករណីនេះផងដែរ ដោយសារអះអាងថា ក្រោយពេលសម្រាលរួច ស្ដ្រីរងគ្រោះមានអាការៈធម្មតាដូចស្ដ្រីផ្សេងទៀត ប៉ុន្ដែក្រោយសម្រាលប្រហែលមួយម៉ោង ស្រាប់តែស្ដ្រីខាងលើមានឈាមធ្លាក់ខ្លាំងទៅខ្លាំង ខណៈក្រុមគ្រួសារពេទ្យ ក៏បានចាក់ថ្នាំដើម្បីធ្វើការឃាត់ឈាម និងបានត្រៀមរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនទៅសង្គ្រោះនៅខេត្តសៀមរាប។

ប៉ុន្ដែជាអកុសល ក្រោយការសង្គ្រោះដែលប្រឹងប្រែងអស់លទ្ធភាពហើយនោះ ប្រហែល៤០នាទីក្រោយមក ស្ដ្រីខាងលើក៏បានស្លាប់បាត់បង់ជីវិត។ បើតាមលោកប្រធានមន្ទីរពេទ្យ ស្ដ្រីរងគ្រោះមានជំងឺ ស្បូនមិនរួម ដែលលោកថា ជំងឺនេះកើតលើស្ដ្រីម្នាក់ ក្នុងចំណោម១០០០នាក់។ ដោយឡែក លោកក៏បានប្រាប់ពីអការៈរបស់ស្ដ្រីក្រោយពេលសម្រាលផងដែរ ពោលស្បូនរបស់គាត់មានលក្ខណៈដំបៅ ហើយសុកពេលទម្លាក់មក រៀងធុំក្លិនស្អុយខុសធម្មតា​ ដោយលាយជាមួយដំបៅនៅខាងចុងផងដែរ។

បន្ថែមពីនេះ ​លោក ឃ្លោ ហួ​ត ប្រធានមន្ទីសុខាភិបាលខេត្តឧត្ដរមានជ័យ ក៏បានបញ្ជាក់ដែរថា ខាងការិយាល័យស្រុកអន្លង់វែង បានក៏ផ្ដល់ព័ត៌មាននេះឲ្យលោក តាំង​ពីយប់ថ្ងៃកើតហេតុ​ការណ៍​ដែរ ដោយការសម្រាលកូននេះ ក្រុមគ្រូពេទ្យបានសម្រាលតាម​បច្ចេកទេស​ និងលក្ខណៈធម្មជាតិ ប៉ុន្ដែស្បូនកន្ដ្រាក់រៀងខ្សោយ ហើយក្រុមគ្រូពេទ្យខិតខំជួយអស់ពីលទ្ធភាព ទាំងការឃាតឈាម និងថ្នាំកន្រ្តាក់ដៃស្បូន។​

លោក ឃ្លោ ហួត ​បានបន្ថែមថា ចំពោះរឿងសំណងជំងឺចិត្តរហូតដល់ ១៥,០០០ដុល្លារនោះ លោកគ្មានសមត្ថភាពឯណាទៅសងនោះទេ ព្រោះរាល់ថ្ងៃនេះលោកធ្វើការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមគ្រួសារពេទ្យ ក៏បានទៅចូលរួមបុណ្យសព និងសម្ដែងការសោកស្ដាយចំពោះករណីនេះទៅក្រុមគ្រួសារសពផងដែរ៕​