(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យការងារប្រលងជ្រើសរើសនាយទាហាន កងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នេះនៅអគ្គបញ្ជាការ។
លោកឧត្តមសេនីយ៍បានថ្លែងថា ការជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ នេះមានការកើនឡើងបើប្រៀបធៀបទៅនិងឆ្នាំ២០១៨ កន្លងមក ហើយការកើនឡើងនេះ បានកើនឡើងនៅតាមបណ្តាយោធភូមិភាគ។ នេះដោយសារការមើលឃើញ នៃការជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទបណ្ដាឆ្នាំមុនៗកន្លងមក មានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។
លោកក៏សូមថ្លែងនូវអំណរគុណ និងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ និងផ្នែកពាក់ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបំពេញភារកិច្ចរៀបចំការងារបានល្អប្រកបដោយជោគជ័យ ព្រោះយើងរួមគ្នាធ្វើ ដើម្បីជោគជ័យរួម។
ឧត្តមសេនីយ៍មេបញ្ជាការរូបនេះ បានបញ្ជាក់ថា «ភារកិច្ចចម្បងរបស់យើង នៅក្នុងការជ្រើសរើសនាយទាហាននេះ គឺយើងជ្រើសរើសនាយទាហានដែលមានសមត្ថភាពពិតប្រាកដ ទៅតាមវិធានការ វិធីសាស្រ្តតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌។ នេះគឺជាគោលដៅធំដែលថ្នាក់ដឹកនាំប្រគល់ឲ្យ។ សង្ឃឹមថាគណៈកម្មការនឹងទទួលបានជោគជ័យបន្ថែមទៀត ដោយសិក្សាអំពីចំណុចខ្វះខាត ពីឆ្នាំកន្លងទៅ ហើយត្រូវធ្វើផែនការឲ្យច្បាស់លាស់ទាំងនិតិវិធី សម្ភារ ពេលវេលា សំដៅយកសុក្រិតភាព និងប្រសិទ្ធភាព»។
ការជ្រើរើសបេក្ខជនឲ្យចូលបម្រើកងទ័ពតាមរយៈគណៈកម្មការប្រលងជ្រើសរើសនាយទាហាននេះ ធ្វើយ៉ាងណាយើងរើសឲ្យបានសុក្រឹត រើសឲ្យបានត្រឹមត្រូវ។ និយាយរួមគឺមានតែគោលការណ៍មួយគត់ ឲ្យអ្នកជាប់ ជាប់ដោយសមត្ថភាព និងមានមោទនភាព អ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត។ នឹងហើយយើងបានផលទាំងអស់គ្នា។ ជាក់ស្ដែង គណកម្មាការរបស់យើង មានភាពត្រឹមត្រូវដែលគេមិនអាចវាយប្រហារបាន នេះគឺជាជោគជ័យនៅក្នុងរយៈពេល៤ឆ្នាំនេះ។ ហើយការអនុវត្តគោលការណ៍របស់យើងនេះនឹងបន្តជោគជ័យនៅឆ្នាំនេះនិងឆ្នាំក្រោយៗទៀត។ នេះជាការបន្ថែមរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។
លោកថា ការចូលរួមធ្វើ និងការលះបង់របស់ក្រុមការងារ នៃគណៈកម្មការជ្រើសរើសទាហាន ក្នុងរយៈពេលខ្លីក៏ ប៉ុន្តែយើងធ្វើដើម្បីអនាគតកងទ័ពជំនាន់ក្រោយប្រកបដោយសមត្ថភាព និងការទទួលស្គាល់ពីមហាជនតាមរយៈការចូលរួមចំណែករបស់ក្រុមការងាររបស់យើងនិងការធ្វើឱ្យមានយុត្តិធម៌ តម្លាភាព សុក្រិតភាព ប្រសិទ្ធភាព និងការធ្វើឲ្យមានការជឿទុកចិត្តពីមហាជន នេះហើយគឺជាមោទនភាពរបស់យើង។ យើងមានមោទនភាពដែលបានធ្វើការជាមួយក្រុមការងារនៅក្នុងគណៈកម្មាការនេះដើម្បីផ្តល់អនាគត និងជោគវាសនារបស់កងទ័ពតាមរយៈគោលជំហរ និងភាពត្រឹមត្រូវរបស់យើងសម្រាប់ការទទួលស្គាល់ និងការជឿជាក់របស់មហាជនរាប់សែនលាននាក់ចំពោះកងទ័ពព្រោះថាអនាគតកូនចៅយើងពឹងលើកងទ័ព។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានណែនាំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្ស និងផ្សេងមិនឲ្យមានការអន្តរាគមន៍ និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គល ត្រូវមានមនោសញ្ចេតនាទូទៅ ដោយការប្រកួតប្រជែង និងត្រូវរៀបចំផែនការ អនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់នៅក្នុងការដឹកនាំ និងដំណើរការនៃការប្រលងជ្រើសរើសនាយទាហាននៃកងយោពលខេមរភូមិន្ទឆ្នាំ២០១៩ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការសូមថ្លែងអំណរគុណក្រុមការងារទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ស្មារតីយកចិត្តទុកដាក់នៅក្នុងការរៀបចំការប្រលងជ្រើសរើស នាយទាហានឲ្យបានរលូន ប្រសិទ្ធភាព និងតម្លាភាព ក៏ដូចជាចូលរួមពង្រឹង និងថែរក្សាទំនុកទុកចិត្តរបស់មហាជន និងយុវជនមកលើកងទ័ពរបស់យើងដើម្បីផ្ដល់នូវភាពកក់ក្តៅ និងភាពយុត្តិធម៌និងភាពទុកចិត្តតែឲ្យកូនចៅរបស់ប្រជាពលរដ្ឋចូលរួមបម្រើជាតិ និងជាអនាគតរបស់កងទ័ពរបស់យើងទាំងអស់គ្នា។
គួរបញ្ជាក់ដែរថា ការប្រលងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០១៩ ខាងមុខ ដែលមានចំនួន ៦មណ្ឌល គឺនៅមណ្ឌលរាជធានីភ្នំពេញ យោធភូមិភាគ ទី១ ទី២ ទី៣ ទី៤ និងទី៥ ដោយផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា៕