(ស្វាយរៀង)៖ ក្រុមបាល់ទាត់អធិការនគរបាលក្រុងបាវិត នឹងធ្វើការប្រកួតជាមួយ ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៤ ឆ្នាំ២០១៨ នៅថ្ងៃ​ទី០៥ ខែមករា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋាន ខេត្តស្វាយរៀង វេលាម៉ោង០៥៖៣០នាទីល្ងាច។

ក្រុមទាំង២​បានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ក្នុងការប្រកួតរបស់ខ្លួន មុននឹងឈានមកដល់វគ្គចុងក្រោយនេះ។ ក្រុមបាល់ទាត់អធិការនគរបាលក្រុងបាវិត ដែលមានមូលដ្ឋានមកពីក្រុងបាវិត ខេត្តស្វាយរៀង បានយកជ័យជំនះយ៉ាងចាស់ដៃទៅលើក្រុមសុភ័ក្តិ ម៉ូទ័រ FC ជីភូ ក្នុងវគ្គ១/២ដោយលទ្ធផលបច្ចេកទេស ១០-២។ ដោយឡែកក្រុមសសយក ក្រុងស្វាយរៀង ដែលមានមូលដ្ឋានមកពីក្រុងស្វាយរៀង ខេត្តស្វាយរៀង បានយកជ័យជំនះដោយលទ្ធផលបច្ចេកទេស​៥-០ លើក្រុមស.ស.យ.ក ស្រុករមាសហែក ក្នុងវគ្គ១/២។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងមានការប្រគុំតន្ត្រី ដោយមានការចូលរួមច្រៀង និងសម្តែងដោយ កញ្ញា រ៉ាប៉ី ម្ចាស់បទមាន់ស្រែ និងDJ Rose ហើយថែមទាំងមានការបាញ់កាំជ្រួចអបអរសាទរ ក្រុមទទួលបានជ័យលាភីផងដែរ។

ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពី លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។

នៅក្នុងការរៀបចំលើកទី១ ក្នុងឆ្នាំ២០១៥ មានក្រុមកីឡាចូលរួមចំនួន៣៣ ក្នុងនោះ ក្រុមបាល់ទាត់ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯក។ លើកទី២ ក្នុងឆ្នាំ២០១៦ មានក្រុមកីឡាចូលរួមចំនួន២៩ក្រុម ដោយក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯក។ លើកទី៣ ក្នុងឆ្នាំ២០១៧ មានក្រុមកីឡា ចូលរួមចំនួន៣៥ក្រុម ដោយក្រុមបាល់ទាត់ ធារី លីងគួយ ដែលមានមូលដ្ឋានមកពីក្រុងបាវិត ខេត្តស្វាយរៀង ជាម្ចាស់ជើងឯក។

ឈានចូលដល់ឆ្នាំ២០១៨ ជាការរៀបចំលើកទី៤ មានក្រុមកីឡាចូលរួមចំនួន៥២ក្រុម ដែលក្រុមអធិការនគរបាលក្រុងបាវិត និងក្រុមស.ស.យ.ក ក្រុងស្វាយរៀង នឹងដណ្តើមគ្នាធ្វើជាម្ចាស់ជើងឯក នៅថ្ងៃ​ទី០៥ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងលក្ខខណ្ឌចូលរួមនៅឆ្នាំ២០១៨នេះ ក្រុមកីឡាទាំងអស់អាចមានកីឡាករចាប់ពីអាយុ១៦ឆ្នាំឡើងទៅ ដោយមានចំនួនច្រើនបំផុត២៣នាក់ និងតិចបំផុត១៧នាក់ ដោយ០៣នាក់អាចនាំយកកីឡាករ មកពីខេត្តផ្សេងក្រៅពីខេត្តស្វាយរៀង និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង រឺមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង៕