(កូរ៉េ)៖ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ជាតិសាសន៍ និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ មូលនិធិយុវជនខ្មែរស្ម័គ្រចិត្តនៅកូរ៉េ ដោយមានការគាំទ្រពី ស្ថានឯកអគ្គរាជទូតកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីរាត្រីសមោសរឆ្លងឆ្នាំ កម្មវិធីប្រកួត «សមត្ថភាព និងសម្រស់បុរស-នារី ខ្មែរនៅកូរ៉េ» និងកម្មវិធីប្រឡងចម្រៀង «Idol ពលករកម្ពុជា» ប្រចាំឆ្នាំ២០១៨។

កម្មវិធីទាំងពីរនេះ បានប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨៖០០យប់ ដល់ម៉ោង ៤៖០០ទៀបភ្លឺ ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

នេះជាកម្មវិធីល្អប្លែកពុំធ្លាប់មានពីមុនមកនៅកូរ៉េ ដោយបានអញ្ជើញក្រុមសិល្បៈមកពីកម្ពុជា រួមមាន៖ លោក ខេម, លោក សាន ផានិត, អ្នកនាង រ៉ូលីន, អ្នកនាង រ័ត្ន រចនា និង DJ ក្ដឹប ព្រមទាំងមានការចាប់រង្វាន់ Iphone Xs Mac និងកុំព្យូទ័រ Laptop ដោយមានការឧបត្ថមធំដោយបុរី ឡេង ណាវ៉ាត្រា។

សម្រាប់ជ័យលាភី នៃកម្មវិធីប្រកួត «សមត្ថភាព និងសម្រស់ បុរស-នារី ខ្មែរនៅកូរ៉េ» មាន៖

*ជ័យលាភីលេខ១ បានទៅលើបេក្ខជន ទូច ប្រុស និងបេក្ខនារី សាន ស្រីណា ទទួលបានថវិកាម្នាក់ចំនួន១,៥០០,០០០វ៉ុន ការកែសម្ភស្សដោយឥតគិតថ្លៃ នៅគ្លីនិក កែសម្ពស្ស Grace និងម្កុដពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។

*ជ័យលាភីលេខ២ បានទៅលើបេក្ខជន យ៉ាន សុភក្រ្ត័ និងបេក្ខនារី លុយ ស្រីពៅវល័ក្ខ ទទួលបានថវិកាម្នាក់ចំនួន៥០០,០០០វ៉ុន បញ្ចុះតម្លៃ៥០% ការកែសម្ភស្សនៅគ្លីនិកកែសម្ពស្ស Grace ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។

*ជ័យលាភីលេខ៣ បានទៅលើបេក្ខជន ថន ឌីណា និងបេក្ខនារី សាន លាងហួយ ទទួលបានថវិកាម្នាក់ចំនួន ៣០០,០០០វ៉ុន ការថែរក្សាសម្ភស្សដោយឥតគិតថ្លៃ នៅគ្លីនិកកែសម្ពស្ស Grace ពានរង្វាន់ និងការដូកាអនុស្សវារីយ៍ជាច្រើនទៀត។

សម្រាប់ជ័យលាភីនៃកម្មវិធីប្រកួត «Idol ពលករកម្ពុជា» មាន៖

*ជ័យលាភីលេខ១ បានលើបេក្ខជន ស៊ីន លាងហុង ទទួលបានថវិកា ១,០០០,០០០វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។

*ជ័យលាភីលេខ២ បានលើបេក្ខជន ដឺយ សំអាត ទទួលបានថវិកា ៦០០,០០០វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។

*ជ័យលាភីលេខ៣ បានលើបេក្ខជន នូ វណ្ណះ ទទួលបានថវិកា ៤០០,០០០វ៉ុន ពានរង្វាន់ និងការដូអនុស្សវារីយ៍ជាច្រើនទៀត។

គួរបញ្ជាក់ដែរថា នេះជាកម្មវិធីថ្មីប្លែក ដែលបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ នៅសាធារណរដ្ឋកូរ៉េ ដែលស្រលាញ់វិស័យសិល្បៈ បានបញ្ចេញសមត្ថភាពរបស់ខ្លួន និងចូលរួមសកម្មភាព សប្បុរសធម៌ជួយដល់អ្នកដែលខ្វះខាត និងមានតម្រូវការនៅកម្ពុជា និងនៅកូរ៉េខាងត្បូង៕