(ចិន)៖ ចំនួនសហគមន៍ចិន កំពុងតែរីកចម្រើនលូតលាស់ នៅក្នុងទីក្រុងញូវយ៉ក ដែលធ្វើជាបណ្ដាញគាំទ្រដល់ជនអន្តោប្រវេសន៍ចិន និងផ្ដល់ឱកាសឲ្យប្រជាជនអាមេរិក បានស្គាល់វប្បធម៌ចិនផងដែរ។

ពាក្យចាស់និយាយថា ផ្លូវចូលទៅដល់បេះដូងរបស់នរណាម្នាក់ គឺតាមរយៈក្រពះ។ ទីក្រុងចិន នៅរដ្ឋម៉ាន់ហាតាន់ មានកន្លែងទទួលទានអាហារប្រមាណ៣០០កន្លែង ដែលធ្វើឲ្យទីក្រុងចិន (China Town) ក្លាយជាផ្នែកមួយដ៏សំខាន់ នៃវិស័យម្ហូបអាហារ នៅក្នុងទីក្រុងញូវយ៉ក។

លោក Wellington Chen នាយកប្រតិបត្តិ កម្មវិធីភាពជាដៃគូទីក្រុងចិន បានថ្លែងថា «ទីនេះគឺបង្ហាញឲ្យឃើញអ្វីៗគ្រប់យ៉ាងលើសពីម្ហូបអាហារ។ វាជាកន្លែងផ្លាស់ប្ដូរបទពិសោធន៍ ហើយគ្មានកន្លែងណាដែលប្រសើរជាងទីក្រុងចិន និងម្ហូបចិននោះឡើយ ពីព្រោះយើងតែងអង្គុយជុំគ្នានៅលើតុមូល ហើយយើងចេះចែករំលែកឲ្យគ្នា។ យើងអត់និយាយថា អ្នកឯងកុម្ម៉ង់ម្ហូបមួយចានហ្នឹង ដូច្នេះម្ហូបហ្នឹងជារបស់អ្នកតែម្នាក់នោះទេ»។

ទីក្រុងចិននៅរដ្ឋម៉ាន់ហាតាន់ បានចាប់ផ្ដើមមានវត្តមាននៅទសវត្ស១៨៧០ ហើយមួយសតវត្សក្រោយមក វាបានប្រែក្លាយទៅជាសហគមន៍ចិនធំជាងគេបំផុត នៅលើទឹកដីសហរដ្ឋអាមេរិក។

នៅខាងកើតនេះប្រមាណ១៥ គីឡូម៉ែត្រ គឺតំបន់ Flushing ស្ថិតក្នុងសង្កាត់ Queens ដែលគេសង្កេតឃើញថា លំហូរចូលនៃអន្តប្រវេសន៍ចិនដីគោកមកតំបន់នេះ គឺមានជាហូរហែរ។ យោងតាមជំរឿនឆ្នាំ ២០១០ បង្ហាញថា៧០ ភាគរយនៃប្រជាជនក្នុងតំបន់នេះ គឺជាជនជាតិអាស៊ី។

លោក Peter Koo សមាជិកក្រុមប្រឹក្សា សង្កាត់ទី២០ នៃក្រុមប្រឹក្សាក្រុងញូវយ៉ក និយាយថា «ទីក្រុងចិនរបស់រដ្ឋម៉ាន់ហាតាន់ បន្តរួមតូច ដោយចាប់ផ្ដើមតាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ កញ្ញាមកម្ល៉េះ។ កាលនោះ ដោយសារតែការធ្វើអាជីវកម្មមានការលំបាក ដូច្នេះ អ្វីៗត្រូវបានបិទទ្វារ។ ដូច្នេះ មានមនុស្សជាច្រើនបាននិយាយថា តោះយើងនាំគ្នាផ្លាស់ទៅរស់នៅតំបន់ Flushing ម៉េចដែរ»។

ចម្ងាយ២០គីឡូម៉ែត្រទៅភាគនីរតីនៃទីក្រុងចិនរបស់រដ្ឋម៉ាន់ហាតាន់ គឺសួន Sunset Park របស់ទីក្រុង Brooklyn ដែលជាសហគមន៍មួយចាប់ផ្ដើមលូតលាស់នៅទសវត្ស១៩៨០។

លោក Paul Mak នាយកប្រតិបត្តិសមាគមចិន-អាមេរិកក្រុង Brooklyn និយាយថា «កាលនោះ រុក្ខវិថីទី៨ សឹងតែទំនេរទាំងស្រុង ដូច្នេះវាមានតម្លៃធូរៗសម្រាប់ការបើកហាងផ្សេងៗ ដូចជាហាងតូចៗជាដើម ហើយសម្រាប់ជនអន្តោប្រវេសន៍ថ្មីៗ ដែលព្យាយាមស្វែងរកផ្ទះសម្បែងថ្មី សម្រាប់រស់នៅ»។

ទីក្រុងចិនចំនួនបីនេះ សុទ្ធតែមានលក្ខណៈពិសេសប្លែក ប៉ុន្តែក៏មានលក្ខណៈរួមមួយផងដែរ គឺផ្ដល់ឱកាសដល់អ្នកដែលចង់ស្គាល់រស់ជាតិជីវិតរបស់ចិន និងម្ហូបអាហាររបស់ចិន៕ (សារព័ត៌មាន CCTV របស់ចិន)