(ចិន)៖ ការប្រើប្រាស់នូវកម្មវិធីអនឡាញ សម្រាប់ការទិញអ្វីៗជាក្រុម ដូចជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសេវាកម្មផ្សេងៗ កំពុងមានភាពពេញនិយមខ្លាំងឡើង នៅក្នុងប្រទេសចិន។
ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ ចំនួនអ្នកប្រើប្រាស់សេវាកម្មទិញអ្វីៗជាក្រុម នៅតាមអនឡាញ បានកើនឡើងយ៉ាងគំហុក។ នៅក្នុងឆ្នាំ ២០១៨ មានប្រជាជនជាង៣០០លាននាក់ ដែលប្រើប្រាស់សេវាកម្មទិញអ្វីៗជាក្រុម។ អ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកប្រើប្រាស់នឹងកើនឡើងដល់ជិត៥០០លាននាក់នៅឆ្នាំ២០២០។
អ្នកនាង គ័ង បានប្រើប្រាស់កម្មវិធីសហគមន៍អនឡាញមួយ ដែលផ្ដល់សេវាកម្មទិញជាក្រុម ដើម្បីទិញផ្លែឈើ និងបន្លែបង្ការ ដែលទំនិញនឹងដឹកមកដល់ផ្ទះនៅថ្ងៃបន្ទាប់។
អ្នកនាង គ័ង និយាយថា «សព្វថ្ងៃនេះ ខ្ញុំបានកុម្ម៉ង់ផ្លែក្រូច និងបន្លែបង្ការផ្សេងៗដោយប្រើប្រាស់សេវាកម្មទិញជាក្រុម ដែលធ្វើឲ្យតម្លៃធូរជាងយើងទៅទិញនៅហាងផ្ទាល់»។
នៅពេលនេះ សហគ្រាសបែបបុរាណៗកំពុងសំឡឹងចង់លក់ទំនិញរបស់ខ្លួន តាមសេវាកម្មទិញជាក្រុមនេះ។ យោងតាមអ្នកស្រី កាវ ឈីងស៊ី នាយកផ្នែកលក់នៃក្រុមហ៊ុនផ្គត់ផ្គង់ស្រាមួយកន្លែង ក្នុងទីក្រុងស៊ិនចិន បានឲ្យដឹងថា ការលក់ស្រាតាមកម្មវិធីអនឡាញសហគមន៍ និងការប្រើប្រាស់សេវាកម្មទិញជាក្រុម បានជួយឲ្យការលក់ផលិតផលរបស់ក្រុមហ៊ុនមានការកើនឡើងយ៉ាងឆាប់រហ័ស។
អ្នកស្រី កាវ ឈីងស៊ី នាយកផ្នែកលក់ គ្រុមហ៊ុនស្រា Shenzhen Huangma «យើងយកស្រាសធ្វើជាឧទាហរណ៍។ បច្ចុប្បន្ន ក្នុងរយៈពេលកន្លះខែ យើងលក់បានប្រហែល ៣០០០ ដប តាមរយៈការទិញជាក្រុម។ កាលពីមុន ក្នុងរយៈកាលកន្លះខែ យើងលក់បានប្រហែល ១០០ ដបប៉ុណ្ណោះ តាមវិធីធម្មតា»។
បច្ចុប្បន្ន អាជីវកម្មលក់រាយតាមវិធីបុរាណកំពុងប្រឈមការលំបាក ក្នុងការបង្កើនអតិថិជន និងការបញ្ជាទិញ ខណៈដែលការទិញជាក្រុមជាវិធីសាស្ត្រថ្មី ដែលដឹកទំនិញទៅឲ្យអតិថិជនដោយផ្ទាល់។
ហើយទាំងអស់នេះ អាចធ្វើទៅបានក៏ដោយសារតែការរីកចម្រើន នូវបច្ចេកវិទ្យាអ៊ិនធឺណិតផងដែរ ដែលអនុញ្ញាតឲ្យអ្នកលក់ស្វែងរកធនធាន ឬមធ្យោបាយក្នុងការផលិតបានយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក ហួ តាវ នាយកប្រតិបត្តិ សមាគមអាជីវកម្មលក់រាយទីក្រុងស៊ិនចិន «ក្នុងនាមជាកម្មវិធីអនឡាញបែបសហគមន៍ ប្រជាជនអាចទិញ ឬលក់ទំនិញបានងាយស្រួល ដែលធ្វើឲ្យតម្លៃកាន់តែប្រសើរជាងមុន ហើយក៏ជាវិធីសាស្ត្រថ្មី ក្នុងការរកប្រាក់ចំណូលផងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)