(ភ្នំពេញ)៖ លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ និងកីឡា បានលើកឡើងថា គម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលមានថវិកាចំនួន៩២.៥លានដុល្លារ រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ទៅដល់ឆ្នាំ២០២៤ នឹងជួយដល់ការរីកចម្រើន របស់វិស័យអប់រំ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះ របស់លោក ម៉ក់ ងយ បានធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មី របស់ទូរទស្សន៍ Fresh News ដែលលោកចូលរួម មកបកស្រាយយ៉ាងលម្អិត ស្តីពី «គម្រោងកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា មានថវិកា៩២.៥លានដុល្លារ»។
លោក ម៉ក់ ងយ បានថ្លែងថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ គឺជាការប្ដេជ្ញាចិត្ដដល់មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគ មកលើការអប់រំឧត្តមសិក្សា ព្រោះមើលឃើញថា ការអប់រំឧត្ដមសិក្សា ជាថ្នាល់មួយ ដ៏មានសារៈសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា «គម្រោងកែលម្អការអប់រំឧត្តមសិក្សា ដែលមានថវិកាចំនួន៩២.៥លានដុល្លារ វានឹងជួយដល់វិស័យអប់រំ សេដ្ឋកិច្ច និងសង្គម។ ក្នុងនោះ វានឹងជួយទៅដល់ការបង្កើន គុណភាពនូវវិស័យអប់រំ ព្រោះឧត្ដមសិក្សា គឺជាការផលិតនូវធនធានមនុស្ស និងបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់បម្រើឲ្យវិស័យអប់រំនៅកម្ពុជា»។
លោក ម៉ក់ ងយ បានបន្ថែមថា បើសិនជាសកលវិទ្យាល័យនៅកម្ពុជា កែលម្អបានល្អ និស្សិតរបស់យើងដែលចេញទៅ មានសមត្ថកិច្ចភាពពេញលេញ នឹងជួយដល់វិស័យអប់រំច្រើនបំផុត ជាពិសេសធនធានមនុស្ស ក្នុងការបង្រៀន ក៏ដូចជាបម្រើឲ្យផ្នែកផ្សេងៗ ក្នុងវិស័យអប់រំ។
លោកបានលើកឡើងទៀតថា «នៅពេលដែលយើង ផលិតនៅធនធានមនុស្សបានល្អ ពេលដែលពួកគេចេញទៅមានសមត្ថភាព ក្នុងការប្រកបការងារ នឹងធ្វើឲ្យការងារនោះ មានប្រសិទ្ធភាព ក៏ដូចជាធ្វើឲ្យ មានកំណើនសេដ្ឋកិច្ចជាតិផងដែរ»។
ជាមួយគ្នានោះ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ និងកីឡា ក៏បានស្នើឲ្យសិស្សានុសិស្សទាំងអស់ ដែលកំពុងកំពុងសិក្សាថ្នាក់ឧត្ដមសិក្សា លើជំនាញរបស់ខ្លួន ក៏ត្រូវតែផ្ដោសសំខាន់ ទៅលើផ្នែកភាសាបរទេស ជាពិសេសភាសាអង់គ្លេស និងផ្នែកបច្ចេកវិទ្យាផងដែរ។
សូមបញ្ជាក់ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ គឺផ្ដោតសំខាន់ៗ ក្នុងការលើកកម្ពស់ ការពង្រឹងគុណភាព សមត្ថភាពបង្រៀន និងការរៀនការធ្វើ ទំនើបកម្ម នៃកម្មវិធីសិក្សា និងបង្កើតគុណវុឌ្ឍ គ្រូបង្រៀន ការសាងសង់អគាសិក្សា អន្តេវាសិដ្ឋាន ការកែលម្អធនធាន សម្ភារ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការពង្រឹង ប្រព័ន្ធធានាគុណភាព អប់រំផ្ទៃក្នុង។
គម្រោងនេះ បានគំាទ្រដោយធនាគារពិភពលោក ដែលមានថវិកាសរុបចំនួន ៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២.៥លានដុល្លារ សម្រាប់ដាក់ឲ្យដំណើរការ នៅក្នុងគ្រឹះស្ថាន ឧត្តមសិក្សា ក្នុងរាជធានី ខេត្ដ ចំនួន៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង៕