(កំពង់ស្ពឺ)៖ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ​រវាងរថយន្ដដឹកថ្ម និងរថយន្ដធុនតូចធំ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្ដដឹកថ្ម (មិនមែនរថយន្តកុងតឺន័រ) ដាច់ហ្វ្រាំងពេលកំពុងចុះចំណោត ហើយជ្រុលទៅបុករថយន្ដផ្សេងទៀត២០គ្រឿងរងការខូ​ចខាត និងបណ្តាលឲ្យស្លាប់ម្នាក់ របួស៨នាក់។ នេះបើតាមស្នងការ​​គរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «មកដល់ម៉ោងនេះ មានអ្នកស្លាប់ម្នាក់ និងរបួស៨នាក់ ហើយរថយន្តបង្កដឹកថ្ម ធ្វើដំណើរពីកើតទៅលិច ស្រាប់តែដាច់ហ្វ្រាំងតែម្តង»

អ្នកឃើញហេតុការណ៍ បានបញ្ជាក់ជំហានដំបូងថា ដំបូងឡើងរថយន្ដមួយគ្រឿង កំពុងចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានតែងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឲ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែរ។

នៅពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើននាក់ កំពុងតែអន្ដរាគន៍ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលស្ថានភាពចរាចរណ៍កំពុងមានការកកស្ទះយ៉ាងខ្លាំងផងដែរ នៅម្ដុំកន្លែងកើតហេតុខាងលើ។

សម្រាប់ព័ត៌មានលម្អិតយ៉ាងណានោះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕​