(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន ជាជនជាតិថៃប្រុសស្រី២នាក់ ដែលបើកហាងលក់ទំនិញ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច និងលួចបន្លំបង្កប់លក់គ្រឿងញៀន រួមជាមួយថ្នាំញៀនចំនួន៧ប្រភេទ សរុបជាង១គីឡូក្រាម ស្ថិតនៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើនេះ ត្រូវបានធ្វើឡើងកាលពីយប់អាធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើស។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ បានថ្លែងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ គឺអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើវិធានការបង្ការ និងទប់ស្កាត់គ្រឿងញៀន។
បន្ទាប់ពីកម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានទទួព័ត៌មានថា មានជនជាតិថៃបានបើកហាងលក់ទំនិញ និងបង្កប់លក់គ្រឿងញៀននៅចំណុចខាងលើ ក៏បានចុះស្រាវជ្រាវ និងស៊ើបអង្កេតរហូតកំណត់បានមុខសញ្ញា និងឈានដល់ឆ្មក់ចូលបង្រ្កាប បានជនសង្ស័យជាជនជាតិថៃ នៅក្នុងហាងយីហា២៩បាត ដែលកំពុងធ្វើសកម្មភាព លក់ចែកចាយគ្រឿងញៀនជាក់ស្តែងតែម្តង។
សមត្ថកិច្ចឆែកឆេរ និងត្រួតពិនិត្យ រកឃើញដកហូតបានគ្រឿងញៀន៧ប្រភេទរួមមានទី១៖ ប្រភេទម្សៅ ក្រាមសថ្លាចំនួន១ថង់ ទម្ងន់១,៨៩ក្រាម, ទី២៖ ម្សៅម៉ត់ និងម្សៅក្រាម (កេតាមីន) ចំនួន២៧ថង់ទម្ងន់១៩២,២៧ក្រាម, ទី៣៖ ថ្នាំប្រភេទគ្រាប់ (អ៊ិចស្តាស៊ី) ចំនួន១៦ថង់ ទម្ងន់១៣៣,៩៤ក្រាម, ទី៤៖ ថ្នាំទឹកកេតាមីនចំនួន៩១ដប ទម្ងន់៩១០ក្រាម, ទី៥៖ ថ្នាំទឹក កាលីសូល ចំនួន២៣ដប ទម្ងន់២៣០ក្រាម, ទី៦៖ ថ្នាំគ្រាប់ហ្វាយប្រភេទថ្នាំគ្រវី១៥ គ្រាប់ និងទី៧៖ កញ្ឆាក្រៀមចំនួន៥ដុំ ស្មើទម្ងន់១៣៥,៦០ក្រាម ជញ្ជីងថ្លឹងគ្រឿង ញៀន១គ្រឿង ប្រាក់ថៃ៣៥.៨០០បាត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់បន្ថែមទៀតថា ជនសង្ស័យទាំង២នាក់ រួមមានទី១៖ ឈ្មោះ ឆាយដែន ម៉ាហា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរកម្មករ ស្រុកកំណើតភូមិ អារញ្ញ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងទី២ឈ្មោះ អរុណ កូម៉ាន ធីឆាឆាវិផាណានុវ៉ាត ហៅ «ឆាឆា» ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ មានមុខរបរលក់ដូរ ស្រុកកំណើត ឃុំសាណាមីង ស្រុកសានសាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្រ្តីជាជនជាតិថៃ បានមកស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេល៥ឆ្នាំមកហើយ និងបានប្រកបមុខរបរលក់ទំនិញ នៅចំណុចបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែត រយៈពេល២ឆ្នាំ ហើយគ្រឿងញៀនខាងលើនេះ ត្រូវបានពួកគេទទួលទិញពីស្រ្តីម្នាក់ជាជនជាតិខ្មែរ សម្រាប់លក់ចែកចាយបន្តឱ្យជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕