(ព្រះវិហារ)៖ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងការពារជំហរដ៏យ៉ាងរឹងមាំថា បើសិនជាសមត្ថកិច្ចថៃ ប្រចាំច្រកតំបន់ អានសេះ នៅតែបន្តហាមមិនឱ្យអាជីវករខ្មែរ នាំយកមុខទំនិញចំនួន២៣ប្រភេទ ចូលទៅលក់ក្នុងផ្សារថៃទៀតនោះ ខាងភាគីកម្ពុជាក៏ដាច់ខាតហាមឃាត់ទំនិញជាច្រើនមុខរបស់ថៃ ចូលមកកម្ពុជាផងដែរ។
លោក ជា គឹមសេង បានឱ្យដឹងយ៉ាងដូចនេះថា ដើម្បីជាការឆ្លើយតបចំពោះភាគីថៃ ដែលមិនឱ្យកម្ពុជានាំចូលនូវទំនិញ២៣មុខ រួមមាន៖ ល្ពៅ ខ្ទឹមសរ ខ្ទឹមក្រហម ជ្រុញ អង្រែ ត្បាល់ ចន្លុស និងផ្សេងៗទៀតនោះចូលទៅលក់នៅទឹកដីរបស់ខ្លួន។ លោកបានបញ្ជាក់ថា «បើថៃធ្វើបែបនេះ យើងក៏បានធ្វើការហាមឃាត់ទំនិញនាំចូលពីថៃ ដូចជា៖ មាន់ ទា ជើងមាន់ ផ្លែដូង ផ្លែឈើគ្រប់ប្រភេទ បន្លែគ្រប់មុខដូចគ្នា រហូតមានការចរចាទើបអាចនាំចូលបានដូចធម្មតា»។
អភិបាលស្រុក បានបញ្ជាក់ទៀតថា មូលហេតុឈានដល់ការបិទទំនិញ មិនឱ្យចូលកម្ពុជា គឺផ្តើមចេញដោយភាគីថៃ បិទមិនឱ្យអាជីវការខ្មែរយើងនាំមើមខ្ទឹមចូលទៅលក់ក្នុងផ្សារថៃ។
បើទោះបីជាភាគីកម្ពុជា សុំជួបចរចារជាច្រើនលើកក៏ដោយ ភាគីថៃ តែងពន្យាពេលជួបចរចារហូត។ ក្នុងនាមរដ្ឋបាលស្រុកជាំក្សាន្ត និងក្រោយទទួលបញ្ជាពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកបានដឹកនាំកិច្ចប្រជុំមួយ ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ពន្ធ័ និងបានដាក់ចេញនូវបទបញ្ជា ដោយធ្វើការហាមឃាត់ទំនិញ ដែលនាំចូលដោយភាគីថៃដូចជា៖ មាន់ ទា ជើងមាន់ ផ្លែដូង ផ្លែឈើគ្រប់ប្រភេទ បន្លែគ្រប់មុខចូលមកកម្ពុជា លុះត្រាណាមានការចរចានាំចេញនាំចូលដូចគ្នា។
តែយ៉ាងណានោះ លោកបញ្ជាក់ទៀតថា «ចំពោះបញ្ហាច្រក គឺអត់មានបិទនោះទេ»៕