(ភ្នំពេញ)៖ តាមការគ្រោងទុកផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា មានតម្លៃសាងសង់២៥៩លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ។
ផ្លូវក្រវាត់ក្រុងទី៣នេះ ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលការធ្វើចរាចរណ៍។ ពិសេស ផ្លូវក្រវាត់ក្រុងនេះ មានចង្ងាយប្រមាណជាង១គីឡូម៉ែត្រប៉ុណ្ណោះ ពីគម្រោងព្រលានយន្តភ្នំពេញថ្មីផងដែរ។
សូមជម្រាបជូនថា គម្រោងផ្លូវក្រវាត់ទី៣ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករាខាងមុនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលឥណទានសម្បទាននូវទឹកប្រាក់ចំនួន២៥៩លានដុល្លារអាមេរិក ពីភាគីចិន សម្រាប់គម្រោងសាងសង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី៣នេះ នឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ១៤+១០៥ ទៅចំណុចបញ្ចប់ភ្ជាប់ នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ ចំណុចគីឡូម៉ែត្រលេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង៥.៣៧គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
ផ្លូវក្រវាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែលបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។
ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រ ពីគម្រោងព្រលានយន្តហោះ។ ពោលគឺ ផ្លូវក្រវាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ក្នុងការជួយសម្រួលចរាចរណ៍ ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀតបន្ទាប់ពីផ្លូវក្រវាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។
កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងឮកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន៕