(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្ពុជា-ចិន នឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែម លើការរឹតបន្តឹងច្បាប់់ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត សម្រាប់ឆ្នាំ២០១៩។
ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅថ្ងៃតី០៣ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ទី១៖ ផ្លាស់ប្តូរព័ត៌មានរវាងគ្នា, ទី២៖ ការពង្រឹងការអនុវត្តច្បាប់, ទី៣៖ ជួយគ្នាទៅវិញទៅមកក្នុងយន្តការទាំងទ្វេរភាគី ត្រីភាគី និងក្នុងតំបន់»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានលើកឡើងដែរថា ទូតចិនថ្មីក៏បានជំរុញឱ្យស្ថាប័នទាំងពីរ ដើម្បីពង្រឹង និងការពង្រីកការត្រួតពិនិត្យ គ្រឿងញៀនជាពិសេសនៅតំបន់ព្រះសីហនុ ដែលមានចំនួនប្រជាជនចិន មករស់នៅ និងវិនិយោគច្រើនជាងគេផងដែរ។ ព្រមទាំងទីតាំងមួយចំនួនទៀតដូចជា៖ ទីក្រុងភ្នំពេញ, ខេត្តសៀមរាប ឬក៏ទីក្រុងប៉ោយប៉ែត ផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសចិន គឺឆ្អឹងខ្នងមួយនៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលបានគាំទ្រ នូវយន្តការបង្ក្រាបបទល្មើសគ្រឿងញៀនផងដែរ។ ជានិច្ចកាលប្រទេសចិន បានជួយលើផ្នែកជាច្រើនមកកម្ពុជា ដូចជា៖ មន្ទីរពិសោធន៍ ផ្នែកវេជ្ជសាស្ត្រនិងជំរុញការព្យាបាលតាមសហគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយជាង៤០០ឃុំ-សង្កាត់ នៅក្នុងប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ ភាគីចិន នឹងខិតខំដោះស្រាយ និងឆ្លើយតប ដែលភាគីកម្ពុជា ត្រូវការចាំបាច់សម្រាប់យុទ្ធនាការបង្ក្រាបគ្រឿងរបស់ខ្លួន ហើយសម្រាប់ឆ្នាំ២០១៩នេះ ក៏បានជំរុញគណៈកម្មការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវខិតខំបន្ថែមទៀត ដើម្បីពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសលើយុវជនធ្វើយ៉ាងម៉េចត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕