(ភ្នំពេញ)៖ សមាគមនិស្សិត នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងរៀបចំកម្មវិធីសម្តែងសិល្បៈចម្រុះ ចូលរួមអបអរសាទរ នូវទិវាជ័យជម្នះលើកទី៤០ នៃការផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ ក្រោមប្រធានបទ «៧មករា មរតករស់ ពុទ្ធចក្រ អាណាចក្រ ព្រះរាជាណាចក្រកម្ពុជាទី២» ដែលរៀបចំធ្វើឡើងនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងសាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយទម្រង់សិល្បៈ ដើម្បីឲ្យយុវជន ជំនាន់ក្រោយ បានយល់ដឹងពីទម្រង់សិល្បៈ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយ ព្រមទាំង ដើម្បីបង្ហាញឲ្យមនុស្ស ក្នុងពិភពលោក បានយល់ជ្រាបកាន់តែច្បាស់ ពីតម្លៃនិងគុណបំណាច់ដ៏ធំធេង នៃទិវាជ័យជម្នះថ្ងៃ៧ មករា បើគ្មានថ្ងៃ ៧មករា ក៏គ្មានការរស់ឡើងវិញ នូវពុទ្ធចក្រ អាណាចក្រ និងមានព្រះរាជាណាចក្រកម្ពុជាទី២នោះទេ។
ទស្សនីយភាពនេះ ក៏បានឆ្លុះបញ្ចាំង ឲ្យឃើញថា ថ្ងៃ៧មករា គឺកើតឡើង បានដោយប្រមុខដឹកនាំរបស់ សម្តេចទាំងបី ដែលបានធ្វើការ រំដោះមាតុភូមិ ឲ្យរួចផុតពីររបប ប្រល័យពូជសាសន៍ ដ៏ខ្មៅងងឹត និងឈានទៅវឌ្ឍនភាព លើគ្រប់វិស័យ គួរជាទីមោទកភាព រហូតមកដល់បច្ចុប្បន្ន។
ជាក់ស្ដែង នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមាគមនិស្សិត នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំសន្នីសិទសារព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសម្តែងសិល្បៈចម្រុះ ចូលរួមអបអរសាទរនូវទិវាជ័យជម្នះ លើកទី៤០ នៃការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមប្រធានបទ «៧មករា មរតករស់ ពុទ្ធចក្រ អាណាចក្រ ព្រះរាជាណាចក្រកម្ពុជាទី២»។
ប្រធានសមាគមនិស្សិត នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម លោក គឹម ចាន់រ៉ូហ្សា បានលើកឡើងថា ការរៀបចំកម្មវិធីនេះឡើង អាចធ្វើឲ្យយុវជនចូលរួមលើកស្ទួយ វិស័យសិល្បៈ តាមរយៈការសម្តែងរបាំ ការច្រៀង និងសម្តែងល្ខោននិយាយ ល្ខោនសិល្បៈចម្រុះជាដើម។
លោក គឹម ចាន់រ៉ូហ្សា បានបន្ដទៀតថា មួយផ្នែកទៀត ដើម្បីក្រើនរំលឹក នូវប្រវត្តិសាស្ត្រ ដែលកម្ពុជាឆ្លងកាត់ នូវទុក្ខសោក វិនាសកម្ម នៃរបបប្រល័យពូសាសន៍ តែដោយមានគុណបំណាច់ ដ៏ធំធេង នៃទិវាជ័យជម្នះថ្ងៃ៧ មករា បើគ្មានថ្ងៃ ៧មករា ក៏គ្មានការរស់ឡើងវិញ នូវពុទ្ធចក្រ អាណាចក្រ និងមានព្រះរាជាណាចក្រកម្ពុជា ទី២នោះទេ។
លោក អ៊ឹង រតនា សកលវិទ្យាធិការរង សកលវិទ្យាល័យភូមិន្ទកសិកម្ម បានឲ្យដឹងថា «យើងមានថ្ងៃនេះ ក៏ព្រោះយើងមានថ្ងៃ ៧មករាមុន ដែលបានរំដោះ ប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ គេចផុត ពីរបបប្រល័យពូជសាសន៍ ឬចេញផុតពីគុកអត់ជញ្ជាំង ដែលទិដ្ឋភាពនេះ យុវជនជំនាន់ក្រោយ មិនបានឆ្លងកាត់នោះទេ»។
លោក អ៊ឹង រតនា បានបញ្ជាក់ថា ការបង្កើតកម្មវិធីនេះឡើង ជាការរំលឹក អំពីប្រវត្តិសាស្ត្រ ដល់សិស្សានុសិស្ស បានយល់ដឹង ពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា ដែលបានរុញច្រាន ប្រទេស ឲ្យមានភាពរីកចម្រើន មានសិទ្ធិស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ៕