(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកឯង បឋមសិក្សា ច្បារអំពៅ បឋមសិក្សាព្រែកឯង បឋមសិក្សាវាលស្បូវ ផ្ទះលក់ដូរតាមផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្សារ និងម៉ាតនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់តាំងលក់ដោយ បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក ឈាមជ្រូក សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង ប៉េងប៉ោះ ការ៉ុត ស្លឹកគូឆាយ ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។ ចំណែកផលិតផលភេសជ្ជៈ ក៏រកមិនឃើញផលិតផលណាមួយហួសកាលបរិច្ឆេទ និងខូចគុណភាពដែរ។
នៅក្នុងការពិនិត្យកន្លែងលក់ដូរ បឋមសិក្សាច្បារអំពៅ មន្រ្តីកាំកុងត្រូល បានណែនាំដល់សិស្ស ពីរបៀបមើលពីកាលបរិច្ឆេទលើផលិតផល ដូចជាមើលថ្ងៃខែផលិត មើលពីរបៀបហួស កាលបរិច្ឆេទ ដើម្បីឲ្យពួកគាត់យល់ដឹង អំពីផលិតផលមានគុណភាព និងអន់គុណភាព និងបានណែនាំដល់អាជីវករលក់ដូរ កុំលក់ភេសជ្ជៈប៉ូវ សម្រាប់ក្មេងតូច នាំឲ្យសុខភាពពួកគាត់។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
លោក ប៊ុន ចំរើន បានបន្តថា ឥឡូវនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់មន្រ្តីប្រចាំការ នៅតាមបណ្តាផ្សារ គោលដៅមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលមានការសង្ស័យលើមុខម្ហូបណា សង្ស័យមានសារធាតុគីមី អាចមក ពិនិត្យបានភ្លាមៗតែម្តង៕