(ចម្ប៉ាស័ក-ឡាវ)៖ ថ្វីដ្បិតមិនទាន់ចេះដាំកាហ្វេតាមបែបស្ដង់ដាសរីរាង្គ ប៉ុន្តែកសិករឡាវនៅខេត្តចម្ប៉ាស័ក ពិតជាមានបច្ចេទេសពិសេសខុសពីកសិករកាហ្វេនៅកម្ពុជា នោះគឺការដាំដំណាំចម្រុះ ឬហៅថា «ដំណាំកសិរុក្ខកម្ម» នៅក្នុងចម្ការកាហ្វេរបស់ខ្លួន ដែលការធ្វើបែបនេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះដើមកាហ្វេ សត្វចិញ្ចឹម និងកសិករខ្លួនឯងផ្ទាល់។
លក្ខណៈពិសេសបែបនេះ បានឱ្យដឹងតាមរយៈដំណើរទស្សនកិច្ចមួយនៅខេត្តចម្ប៉ាស័ក រយៈពេល៤ថ្ងៃ ដែលរៀបចំដោយអង្គការសេដាក នាចុងឆ្នាំ២០១៨។
នៅក្នុងចម្ការកាហ្វេដ៏ធំមួយស្ថិតក្នុងស្រុកប៉ាកសង ខេត្តចម្ប៉ាស័ក លោកអ៊ំ សាប៊ុន សាយបរកែវ ដែលជាកសិករចំណានម្នាក់ និងជាម្ចាស់ចម្ការផ្ទាល់ បានរៀបរាប់ឱ្យដឹងថា កសិករឡាវនៅក្នុងស្រុកប៉ាកសងនេះ បានទទួលបច្ចេកទេសក្នុងការដាំដុះកាហ្វេពីអង្គការអន្តរជាតិមួយចំនួន។
លោកថា កាដាំកាហ្វេ គឺផ្តោតលើចំណុចពិសេសៗចំនួន៣ រួមមាន៖
ទី១. ភាពអំណោយផលពីធម្មជាតិ៖ នៅក្នុងចម្ការកាហ្វេស្រុកប៉ាកសងផ្ទាល់ មានរយៈកម្ពស់ដល់ទៅ ១,២៥០ម៉ែត្រ ហើយជាតំបន់កំអែភ្នំភ្លើងដីមានជីវជាតិល្អ។
ទី២. បច្ចេកទេស៖ ទោះបីដីមានជីវជាតិក៏ពិតមែន ប៉ុន្តែក៏ត្រូវមានបច្ចេកទេសក្នុងការដាំដុះកាហ្វេផងដែរ ក្នុងនោះកសិករនៅស្រុកប៉ាកសង បានឆ្លងកាត់ការបណ្ដុះបណ្ដាលពីអង្គការអន្តរជាតិមួយចំនួន ដូចជា អង្គការ GIZ របស់អាល្លឺម៉ង់ អង្គការ Oxfarm និងបានបញ្ជូនពួកគាត់ទៅសិក្សាពីបច្ចេកទេសដាំកាហ្វេ នៅក្រៅប្រទេសមួយចំនួនផងដែរ។
ទី៣. ការយល់ដឹងពីដើមកាហ្វេ៖ ដើមកាហ្វេមិនសូវត្រូវការពន្លឺថ្ងៃខ្លាំងពេកទេ ពោលគឺវាត្រូវការម្លប់ឱ្យបានគ្រប់គ្រាន់ ដូច្នេះហើយបានជាកសិករនៅទីនោះ នាំគ្នាដាំដើមឈើផ្ដល់ម្លប់ដល់កាហ្វេរបស់ពួកគាត់ ដូចជា ដើមរលួស ដើមក្រូច ដើមចេកជាដើម។
មួយវិញទៀត ការដាំរុក្ខជាតិចម្រុះ ដូចជា បន្លែ ជី ដើមកន្ទ្រាងខែតនៅក្រោមដើមកាហ្វេ ក៏បានផ្ដល់នូវជីធម្មជាតិសម្រាប់ឫស និងដើមកាហ្វេយ៉ាងពិសេសទៀតផង ដោយបច្ចេកទេសពិសេសនេះ គឺជាទម្លាប់របស់កសិករឡាវពីមុនៗមក។
លោកអ៊ំ សាប៊ុន សាយបរកែវ បានលើកឡើងថា សូម្បីប្រជាជនថៃ និងវៀតណាមក៏មកសិក្សាយកបទពិសោធន៍ពិសេសនេះ ពីកសិករឡាវនៅស្រុកប៉ាកសង ខេត្តចម្ប៉ាស័កនេះផងដែរ។
ពាក់ព័ន្ធនឹងវិធីសាស្ត្រនេះ អ្នកជំនាញអង្គការសេដាករបស់កម្ពុជា ក៏មានការចាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ ដោយពួកគាត់បានបញ្ជាក់ថា នឹងនាំបច្ចេកទេសល្អៗទាំងនោះមកផ្សព្វផ្សាយ បណ្តុះបណ្ដាលដល់កសិករកម្ពុជា ដើម្បីឱ្យកសិករកម្ពុជាសាកល្បងអនុវត្តតាម សំដៅធ្វើយ៉ាងណាឱ្យកាហ្វេរបស់ពួកគាត់លូតលាស់បានល្អ និងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កសិករផ្ទាល់។
អ្វីដែលរឹតតែពិសេសទៀតនោះ ដោយសារតម្រូវការទីផ្សារកាហ្វេរបស់កសិករឡាវ នៅស្រុកប៉ាកសង នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ កសិករឡាវនឹងជួយផ្សព្វផ្សាយពីកាហ្វេសរីរាង្គរបស់កម្ពុជា ពិសេសនៅខេត្តមណ្ឌលគិរី ហើយនឹងសហការទាំងផ្នែកបច្ចេកទេស ទីផ្សារនាំចេញ និងការងារពាក់ព័ន្ធនានា ជាមួយអង្គការសេដាកឱ្យកាន់តែជិតស្និទ្ធផងដែរ។
សូមទស្សនាវីដេអូកិច្ចសម្ភាស រវាងអ្នកសារព័ត៌មានកម្ពុជាជាមួយកសិរឡាវនៅស្រុកប៉ាកសង ខេត្តចម្ប៉ាស័ក៖