(ភ្នំពេញ)៖ ស្ត្រី៣នាក់រស់នៅ ខេត្តបន្ទាយមានជ័យ បានសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ករណីក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» ពុំបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី-ផ្ទះ និងពុំបានចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យមកអ្នកទិញផ្ទះ និងមិនសាងសង់ផ្ទះឲ្យរួចរាល់ជាស្ថាពរ តាមកិច្ចព្រមព្រៀងលក់ទិញនោះឡើយ។
ស្ត្រីទាំង៣នាក់ បានចោទប្រកាន់ថា ការរកស៊ីបោកប្រាស់ធ្វើឡើងដោយក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» តាមរូបភាពខាងលើនេះ ជាហេតុធ្វើឲ្យប៉ះពាល់ ផលប្រយោជន៍ និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រៅពីស្ត្រីទាំង៣នាក់នេះ ក៏នៅមានអតិថិជនជាច្រើនទៀត ដែលទិញផ្ទះនៅបុរីរស្មីដួងច័ន្ទនេះ បានជួបប្រទះដូចករណីខាងលើនេះដែរ គ្រាន់តែមិនទាន់ហ៊ានចេញមុខមកតវ៉ានៅឡើយ។ តាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ណុប ណាវី ឈ្មោះ ឡាយ គន្ធី និងឈ្មោះ ឈឹម សាមិត ប្តឹងអន្តរាគមន៍ទៅលោក ជា សុផារ៉ា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ចំពោះក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» មានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ណុប ណាវី បានទិញផ្ទះចំនួន៤មានលេខ K13, K14, I35 និង I36 ពីក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ»។ ចំពោះផ្ទះលេខ K13 និង K14 មានកិច្ចព្រមព្រៀង ទិញ លក់ផ្ទះ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ ចំពោះផ្ទះទាំងពីរខាងលើនេះ ខ្លួនបានបង់ប្រាក់គ្រប់ចំនួន១០០% ស្មើនឹងចំនួន១២៩,៥៩៨ ដុល្លារ។
បើតាមកិច្ចព្រមព្រៀងទិញលក់នេះ ក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» ត្រូវសាងសង់ឲ្យបានចប់សព្វគ្រប់ ក្នុងអំឡុងពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។ ដោយមូលហេតុក្រុមហ៊ុនសាងសង់ផ្ទះ ឲ្យមានការយឺតយ៉ាវខ្លាំងពេក ទើបខ្លួនបានស្នើសុំកាត់កងប្រាក់ជាមួយក្រុមហ៊ុន ដើម្បីយកផ្ទះនេះមកសាងសង់បន្ថែម ដោយខ្លួនឯង ដូចនេះហើយទើបសព្វថ្ងៃផ្ទះរបស់ខ្លួន បានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែក្រុមហ៊ុនពុំព្រមធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ផ្ទះ និងពុំព្រមចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យឡើយ ដោយសន្យាថាថ្ងៃនេះ ថ្ងៃនោះជារៀងរហូតមកដល់ពេលនេះ។
ចំពោះផ្ទះលេខ I35 និង I36 មានកិច្ចព្រមព្រៀងទិញលក់ផ្ទះ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ គិតដល់ពេលនេះ ជនរងគ្រោះបានបង់ប្រាក់គ្រប់អស់ចំនួន៩៤,៣១១.៤៩ដុល្លារ គឺសល់តែចំនួន ៣៥,២៨៦.៥១ដុល្លារ ហើយតាមកិច្ចព្រមព្រៀងទិញលក់នេះ ក្រុមហ៊ុន បុរី រស្មីដួងច័ន្ទ ត្រូវសាងសង់ឲ្យចប់សព្វគ្រប់ក្នុងអំឡុងពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦។
ដូច្នេះផ្ទះលេខ I35, I36 ក្រុមហ៊ុនត្រូវសាងសង់ឲ្យបានរួចរាល់ជាស្ថាពរនៅត្រឹមថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ប៉ុន្តែ រហូតមកដល់ពេលនេះ គឺលើសរហូតដល់រយៈពេល១៩ខែទៅហើយ ក្រុមហ៊ុននៅតែមិនទាន់បានសាងសង់រួចរាល់ទេ ហើយក្រុមហ៊ុនពុំព្រមធ្វើការផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីផ្ទះ និងមិនព្រមចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅចុងខែកក្កដា ឆ្នាំ២០១៨ ភាគីខាងក្រុមហ៊ុន បានបង្ខំឲ្យខ្លួនផ្តិតមេដៃ ធ្វើកិច្ចព្រមព្រៀងទិញលក់ថ្មីជាមួយក្រុមហ៊ុន ដោយបានប្រាប់ថា ពេលផ្តិតមេដៃលើកិច្ចព្រមព្រៀងថ្មីរួចហើយ ទើបកាត់ឈ្មោះឲ្យនូវផ្ទះទាំង៤នោះតែម្តង ដោយក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់បន្ថែម សូម្បីតែដីចិញ្ចើមផ្លូវខាងមុខផ្ទះ ក៏ក្រុមហ៊ុនតម្រូវឲ្យបង់ថ្លៃទិញដីនេះដែរ។
ដោយជឿតាមការអះអាង និងការលួងលោមរបស់ក្រុមហ៊ុន ទើបជនរងគ្រោះបានផ្តិតមេដៃលើកិច្ចព្រមព្រៀងថ្មីនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីក្រុមហ៊ុន មិនទាន់បានប្រគល់កិច្ចព្រមព្រៀង ថ្មីនោះឲ្យមកទេ ដោយយកលេសថា មេធាវីរបស់ក្រុមហ៊ុននៅឯភ្នំពេញ មិនទាន់បានបោះត្រាលើកិច្ចព្រមព្រៀងថ្មីនេះ ដូច្នេះជនរងគ្រោះមិនដឹងថា មានលក្ខខណ្ឌអ្វីខ្លះនៅក្នុងកិច្ចព្រមព្រៀង ថ្មីនោះទេ។
ស្រាប់តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ជនរងគ្រោះបានយកប្រាក់ចំនួន២០,០០០ដុល្លារ ទៅប្រគល់ឲ្យភាគីតំណាងក្រុមហ៊ុន ស្រាប់តែពួកគេ មិនព្រមទទួលយក ដោយតម្រូវឲ្យបង់ប្រាក់ ពិន័យរហូតដល់ចំនួនជាង១៣,០០០ដុល្លារបន្ថែមទៀត។ ជនរងគ្រោះមិនដឹងថា ជាប្រាក់ពិន័យរឿងអ្វីនោះទេ ដោយហេតុថា ពុំមានកិច្ចព្រមព្រៀងថ្មីនោះនៅក្នុងដៃនៅឡើយ។
យោងតាមឯកសារជាច្រើន ម្ចាស់បណ្តឹងបញ្ជាក់ថា ក្រុមហ៊ុន «បុរី រស្មីដួងច័ន្ទ» សាងសង់ផ្ទះមានការយឺតយ៉ាវខ្លាំងពេក ហើយយពុំបានធ្វើការផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី-ផ្ទះ និងពុំបានចេញសន្លឹកប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឲ្យមកភាគីអ្នកទិញ ទើបអ្នកទិញបានធ្វើការស៊ើបសួរមន្ត្រីជំនាញ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានថា ក្រុមហ៊ុន «បុរី រស្មី ដួងច័ន្ទ» ធ្វើការសាងសង់ ពុំមានច្បាប់អនុញ្ញាតនោះទេ ដែលមិនអាចធ្លាក់ការផ្ទេរសិទ្ធិ ឬកាត់ឈ្មោះជូនអ្នកទិញបានឡើយ។
យ៉ាងណាក៏ដោយអង្គភាព Fresh News នឹងរង់ចាំការបំភ្លឺពីខាងភាគី «បុរី រស្មីដួងច័ន្ទ» ពាក់ព័ន្ធនឹងការលើកឡើងរបស់អតិថិជនទាំង៣រូប រហូតដល់សុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕