(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹងថា ពេញមួយឆ្នាំ២០១៨ មានកម្មការិនីនៅទូទាំងប្រទេសបានសម្រាលកូនចំនួន ៦៥,០៥៤នាក់ ដោយសម្រាលបានកូនសរុបចំនួន ៦៥,៥៣៤នាក់ ក្នុងនោះស្ត្រីដែលសម្រាលបានកូនភ្លោះពីរមានចំនួន ៤៧០នាក់ និងកូនភ្លោះបីមានចំនួន ៥នាក់។
តាមទិន្នន័យរបស់ ប.ស.ស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ប.ស.ស បានផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់កម្មការិនីសម្រាលកូនខាងលើ សរុបចំនួន ២៦,២១៣,៦០០,០០០រៀល ស្មើនឹងជាង ៦,៥លានដុល្លារ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យមានការឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូនចាប់តាំងពីដើមឆ្នាំ២០១៨មក។ ក្នុងនោះកម្មការិនីសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល។
កម្មការិនី បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ព្រោះថវិកានេះបានរួមចំណែកមួយផ្នែកធំក្នុងការដោះស្រាយការលំបាករបស់ពួកគេ។ ក្រៅពីការឧបត្ថម្ភថវិកានេះហើយ ច្បាប់ការងារនៅកម្ពុជាមានលក្ខណៈពិសេសមួយទៀត គឺកម្មការិនីពេលសម្រាលកូនពួកគេអាចឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយក្នុងមួយខែថែមទៀតផង។
តាមរយៈការឧបត្ថម្ភនេះ និងច្បាប់ការងារខាងលើនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើសុខទុក្ខរបស់កម្មការិនីនៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង៕