(ភ្នំពេញ)៖ កម្មករ កម្មការិនី ប្រមាណជា១០០នាក់ មកពីរោងចក្រកាត់ដេរប្រេស្ទិច ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដង្ហែក្បួនឆ្ពោះមកកាន់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន រួមទាំងទទួលយកប្រធានសហជីពប្រចាំរោងចក្រនោះវិញ។
លោក ប៉ាវ ស៉ីណា ប្រធានសម្ព័ន្ឋសហជីពចលនាកម្មករ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចំណុចដែលកម្មករបានទាមទារនោះរួមមាន៖
១៖ សូមឲ្យក្រុមហ៊ុនទទួលយកឈ្មោះ ហួន សុវិត ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ប្រេស្ទិច ហ្គាមេន ចូលធ្វើការវិញ។
២៖ សូមឲ្យក្រុមហ៊ុនធ្វើកាតបេឡាជាតិរបបសន្តិសុខសង្គម ជូនកម្មករកម្មកានី។
៣៖ ក្រុមហ៊ុនមិនត្រូវកាត់លុយកម្មករ នៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ ហើយក្រុមហ៊ុនមិនត្រូវកាត់លុយបាយកន្លះខែនោះទេ។
៤៖ នៅពេលកម្មករឈឺ មានសំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលជូនពួកគាត់។
៥៖ នៅពេលកម្មករ កម្មកានី ដាក់ច្បាប់មានធុរ:ចាំបាច់ក្រុមហ៊ុនអនុញ្ញាតិ និងរក្សាប្រាក់ឈ្នួល និងអត្តប្រយោជន៍ផ្សេងជូនពួកគាត់។
៦៖ ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករអោយលើសពីសមត្ថភាពកម្មករនោះឡើយ។
៧៖ ក្រុមហ៊ុនត្រូវបើកលុយបាយជូនកម្មករក្នុងមួយសប្តាហ៍ម្តង។
៨៖ សូមឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី ២ខែ មក៦ខែ វិញម្តង។
៩៖ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មករធ្វើការមុនម៉ោងជាដាច់ខាត។
១០៖ សូមកុំឲ្យកុំក្រុមហ៊ុនរើសអើងសហជីពចលនាកម្មករគ្រប់រូបភាព។
១១៖ សូមឲ្យក្រុមហ៊ុនដកប្រធានផ្នែករដ្ឋបាលចេញជាបន្ទាន់។
១២៖ សូមឲ្យក្រុមហ៊ុនណែនាំប្រធានចិន និងប្រធានផ្នែកខ្មែរឲ្យប្រើប្រាស់សំដីសមរម្យមកលើកម្មករនិយោជិក។
១៣៖ សូមឲ្យក្រុមហ៊ុនរៀបចំឲ្យមានបន្ទប់ពេទ្យ និងថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់។
១៤៖ សូមឲ្យក្រុមហ៊ុនរៀបចំតុសំរាប់កម្មករនិយោជិកហូបបាយអោយបានគ្រប់គ្រាន់។
លោក ប៉ាវ ស៊ីណា បានអះអាងថា សំណើខាងលើនេះ ត្រូវបានកម្មករធ្វើការតវ៉ាទាមទារអស់ជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ ទើបក្រុមកម្មករសម្រេចដង្ហែក្បួនមកកាន់ក្រសួងការងារ។ បើតាមលោក ប៉ាវ ស៊ីណា ក្រុមកម្មករ ក៏គ្រោងហែក្បួនតវ៉ាទៅផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅជិតវិមានឯករាជផងដែរ៕