(ពិភពលោក)៖ មុនពេលអាមេរិកក្បត់ជនជាតិឃឺដ នៅប្រទេស ស៊ីរី សហរដ្ឋអាមេរិកក៏ធ្លាប់បានបោះបង់ចោលប្រជាជនកម្ពុជា និងវៀតណាមនៅទសវត្សរ៍ឆ្នាំ១៩៧០ ដោយបណ្តោយទៅតាមជោគវាសនាមិនខ្វល់អ្វីទាំងអស់។
ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពទាំងអស់ចេញពីប្រទេសស៊ីរី ប្រៀបបាននឹងសារក្រើនរំឭកដ៏សំខាន់ថ្មីមួយទៀត ដល់បណ្តាអ្នកដែលជឿទុកចិត្តលើការធានា និងការសន្យារបស់សហរដ្ឋអាមេរិកថា កំពុងប្រឈមមុខនឹងគ្រោះថ្នាក់។
ខណៈដែលនាយឧត្តមសេនីយ៍ និងសម្ព័ន្ធមិត្តនៅអឺរ៉ុប កំពុងបារម្ភពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយ បណ្តាលមកពីការផ្លាស់ប្តូរចិត្តភ្លាមៗរបស់ប្រធានាធិបតីរូបនេះនោះ កងកម្លាំងឃឺដគាំទ្រដោយអាមេរិក ដែលកំពុងប្រយុទ្ធនឹងពួកឧទ្ទាមរដ្ឋឥស្លាម នៅក្នុងទឹកដីនៃប្រទេស អ៊ីរ៉ាក់ និងភាគពាយព្យប្រទេសស៊ីរី ជាអ្នកដែលទទួលរងការឈឺចាប់ជាងគេ។ ស្ថិតក្នុងស្ថានភាពនេះ វាច្បាស់ណាស់ថា ប្រទេសតួកគី ដែលកន្លងមកតែងតែចាត់ទុកពួកឃឺដជាភេរវករ នឹងវាយប្រហារបោសសម្អាតពួកឃឺត ដែលគ្មានសហរដ្ឋអាមេរិកនៅពីក្រោយដូចមុន។
ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ផ្តល់មូលនិធិ ការហ្វឹកហាត់ ព្រមទាំងបំពាក់អាវុធឱ្យនោះ ជនជាតិឃឺដ ច្បាស់ជាត្រូវសងអាមេរិកវិញដោយឈាម។ ជាការពិតលោក ត្រាំ បានសម្រេចតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយការដកទ័ពអាមេរិកចេញពីស៊ីរី ប៉ុន្តែចំពោះជនជាតិឃឺដ វាហាក់ដូចជាលោក ត្រាំ កំពុងយកកាំបិតចាក់ពួកគេនៅខាងក្រោយខ្នងដូច្នោះដែរ នេះជាអ្វីដែលជនជាតិឃឺដ តែងនិយាយដោយបើកចំហជាច្រើនលើកតាមប្រព័ន្ធផ្សព្វផ្សាយពិភពលោក។
នេះជាមេរៀនសម្រាប់ប្រទេស កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់បងធំមួយនេះ ដែលចាំបាច់ត្រូវតែឃ្លាំមើលការវិវឌ្ឍន៍នេះដោយយកចិត្តទុកដាក់ ព្រោះវាជាទង្វើបំពានដល់ទំនុកចិត្តដ៏គួរឱ្យបារម្ភបំផុត។ ដូច្នេះប្រទេសសេដ្ឋកិច្ចដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកកំពុងលួងលោមដោយការក្លែងបន្លំនោះ ទំនងគ្រាន់ជាឧបករណ៍របស់អាមេរិកដើម្បីគ្រាន់តែទប់ស្កាត់ការកើនឡើងនូវឥទ្ធិពលនៃប្រទេសចិនក៏អាចថាបាន។
រឿងមួយដែលរដ្ឋាភិបាល ក្រុងសេអ៊ូល និងតូក្យូ មិនគួរភ្លេចគឺភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ ជួបមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅនេះ ប្រធានាធិបតីរូបនេះ ស្រាប់តែបានលុបចោលសមយុទ្ធយោធាដែលធ្លាប់អនុវត្តរវាងកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាយូរណាស់មកហើយ។ នេះគឺជាឧទាហរណ៍មួយបង្ហាញថា សហរដ្ឋអាមេរិកអាចធ្វើអ្វីភ្លាម ដែលរដ្ឋាភិបាលក្រុង សេអ៊ូល មិនអាចកត់សម្គាល់មុនបានឡើយ។
បច្ចុប្បន្នសំណួរថា តើអាមេរិកជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានឬទេ? កំពុងក្លាយជាសំណួរដ៏សំខាន់ ហើយមិនច្បាស់ថា តើរដ្ឋាភិបាលទីក្រុងសេអ៊ូល និងតូក្យូ យល់យ៉ាងណានោះទេ។ ទុកចិត្តឬអត់ យើងអាចសង្កេតមើលទង្វើថ្មីនេះៗរបស់ប្រទេសទាំងពីរ។ ជាក់ស្តែងកូរ៉េខាងត្បូងហាក់បន្ទន់ឥរិយាបថយ៉ាងប្លែកចំពោះកូរ៉េខាងជើង ខណៈដែលរដ្ឋាភិបាលក្រុងតូក្យូ ក៏បានបង្ហាញសញ្ញាពីបំណងក្នុងការចង់បង្កើនទំនាក់ទំនងល្អទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ។
បញ្ហានេះដែរ តៃវ៉ាន់ក៏គួរតែកត់សម្គាល់ពីគ្រោះថ្នាក់ដែលកំពុងរង់ចាំខ្លួន ប្រសិនបើតៃវ៉ាន់ នៅតែបន្តអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់ខ្លួនធ្វើជាកូនអុក ដើម្បីគ្រប់គ្រងយុទ្ធសាស្ត្រលើប្រទេសចិន។ ការណ៍ដែលរដ្ឋបាលលោក ត្រាំ បោះបង់សម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្រទេសស៊ីរី គឺជាការក្រើនរំឭកដ៏គួរឱ្យបារម្ភសម្រាប់សម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត។
ការពិតមិនអាចប្រប្រកែកបាន នៅពេលនិយាយដល់ការសន្យា និងការធានា សហរដ្ឋអាមេរិកធ្លាប់មានប្រវត្ដិសាស្ដ្រ គួរឱ្យអាម៉ាស់បំផុត ដូចជាភាពបរាជ័យមិនអាចដណ្តើមប្រជុំកោះនៅសមុទ្រចិនខាងត្បូងដែលជប៉ុនបានរឹបអូសពីប្រទេសចិនមកវិញបាន ភាពបរាជ័យក្នុងកិច្ចព្រមព្រៀងសន្និសីទទីក្រុងគែរ កាលពីខែវិច្ឆិកា ឆ្នាំ១៩៤៣ ការបោះបង់ប្រទេសហុងគ្រី នៅពេលដែលកងទ័ពសូវៀត បានចូលកម្ទេចចលនាបះបោរ ក្នុងឆ្នាំ១៩៥៦។
ដោយឡែកប្រទេសវៀតណាម ដែលធ្លាប់ត្រូវបានរដ្ឋាភិបាល ទីក្រុង វ៉ាស៊ីនតោន អូសទាញ ដើម្បីប្រឆាំងមហិច្ឆតារបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ក៏គួរតែចងចាំផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះបង់ចោលខ្លួនដែលជាសម្ព័ន្ធមិត្ត រហូតដល់សង្គ្រាមឥណ្ឌូចិនត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៧៥។
ច្បាស់ណាស់ថា មានមនុស្សជាច្រើនដែលបានឆ្លងកាត់ព្រឹត្តិការណ៍ទាំងនោះនឹងចងចាំមិនភ្លេចនូវរូបភាពដែលឧទ្ធម្ភាគចក្រកងម៉ារីនអាមេរិក ជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីដំបូលនៃស្ថានទូតអាមេរិកនៅទីក្រុង សៃហ្គន នាថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧៥ ខណៈដែលប្រទេសវៀតណាមកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។ ប៉ុន្តែអ្វីដែលជាគ្រោះមហន្តរាយដ៏គួរឱ្យរន្ធត់ និងគួរឱ្យអាម៉ាស់ជាងនេះ ក៏បានកើតឡើងផងដែរ នៅរាជធានីភ្នំពេញក្នុងរយៈពេលបីសប្តាហ៍មុនហេតុការណ៍កើតឡើងនៅវៀតណាម។
សូមរំឭកដល់ព្រឹត្តិការណ៍ខែមេសា ឆ្នាំ១៩៧៥ សហរដ្ឋអាមេរិកជាអ្នកជំរុញឱ្យឧត្តមសេនីយ៍ លន់នល់ ទម្លាក់សម្ដេច នរោត្តមសីហនុ ដោយការធ្វើរដ្ឋប្រហារ ប៉ុន្តែប្រាំឆ្នាំក្រោយមកអាមេរិកបែរជាបោះបង់ប្រទេសកម្ពុជា ដោយបណ្តោយឱ្យធ្លាក់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យដោយមិនខ្វល់អ្វីទាំងអស់។
ក្នុងពេលនោះ លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដំបូងឡើយបានស្នើរដ្ឋាភិបាលអាមេរិកកុំឱ្យបោះបង់កម្ពុជាឡើយ ប៉ុន្តែអ្វីៗត្រូវប្រែប្រួល។ នាថ្ងៃទី១២ ខែមេសា លោកផ្ទាល់ និងជនជាតិអាមេរិកទាំងអស់ ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ដែលក្រោយមកលោកបានចាត់ទុកថា «ថ្ងៃដែលសហរដ្ឋអាមេរិកបោះបង់ចោលកម្ពុជា ប្រគល់ទៅក្នុងដៃខ្មែរក្រហម» ជាថ្ងៃដែលអាក្រក់បំផុតក្នុងជីវិតរបស់លោក។
ជាច្រើនឆ្នាំក្រោយមក លោកបានថ្លែងក្នុងបទសម្ភាសន៍មួយនៅប៉ារីសថា «យើងបានទទួលខុសត្រូវសម្រាប់ប្រទេសកម្ពុជា តែក្រោយមកយើងបែរបោះបង់ ដោយមិនបំពេញតាមការសន្យារបស់យើង»។ នោះជាអ្វីដែលអាក្រក់បំផុតដែលសហរដ្ឋអាមេរិកបានធ្វើ ខ្ញុំយំដោយព្រោះខ្ញុំដឹងពីអ្វីដែលបានកើតឡើង»។ អ្វីដែលបានកើតឡើងនោះគឺ បន្ទាប់ពីពួកខ្មែរក្រហមបានចូលមករាជធានីភ្នំពេញ ប្រជាពលរដ្ឋចំនួន២លាននាក់ ត្រូវបង្ខំដោយកាណុងកាំភ្លើងឱ្យជម្លៀសទៅទីជនបទ។ នៅទីបំផុតពួកគេស្ទើរតែទាំងអស់បានស្លាប់ដោយសារការសម្លាប់ ការអត់ឃ្លាន ឬការធ្វើទារុណកម្ម។
រឿងដ៏អាម៉ាស់នៃសកម្មភាពរបស់សហរដ្ឋអាមេរិក ត្រូវបានទម្លាយចេញពីព្រះអង្គម្ចាស់សិរិមតៈ ដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ។ ការពិតទៅឯកអគ្គរដ្ឋទូត Dean បានឱ្យព្រះអង្គជិះក្បួនរថយន្តដើម្បីជម្លៀសចេញ ព្រមទាំងផ្តល់សិទ្ធិជ្រកកោនដល់ទ្រង់ផងដែរ ដោយខណៈពេលនោះនាយករដ្ឋមន្ត្រី លន់ណុល បានជម្លៀសខ្លួនទៅរដ្ឋហាវ៉ៃរួចទៅហើយ។
ព្រះអង្គម្ចាស់ សិរិមតៈ បានឆ្លើយតបទង្វើរបស់សហរដ្ឋអាមេរិក ដោយសរសេរថា «ឯកឧត្តម និងមិត្តភក្តិ ជាទីរាប់អាន ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលិខិតរបស់ឯកឧត្តម និងលិខិតឆ្លងដែន ដែលផ្តល់ឱ្យខ្ញុំដើម្បីបានរត់ទៅរកសេរីភាព។ ប៉ុន្តែខ្ញុំពិតជាមិនអាចចាកចោលប្រទេសដោយភាពកំសាកបែបនេះបានឡើយ»។
«ខ្ញុំស្ទើតែមិនជឿទាល់តែសោះថា លោកជាពិសេសសហរដ្ឋអាមេរិកប្រទេសដ៏អស្ចារ្យរបស់លោក អាចបោះបង់ចោលមនុស្សដែលបានជ្រើសរើសរបបសេរីបែបនេះទេ។ លោកបានបដិសេធមិនការពារយើង ទាំងដែលយើងមិនអាចធ្វើអ្វីបានសោះចំពោះរឿងនេះ លោកបានចាកចេញពីយើង ហើយខ្ញុំសូមជូនពរលោក និងប្រទេសរបស់លោក រកឃើញសុភមង្គលនៅក្រោមមេឃ»។
ប៉ុន្តែសូមចងចាំថា ប្រសិនបើខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រលាញ់ វាជារឿងដ៏អាក្រក់ ព្រោះយើងទាំងអស់គ្នាកើតមក ត្រូវតែស្លាប់ទៅវិញនៅថ្ងៃណាមួយ តែខ្ញុំទទួលស្គាល់កំហុសមួយដែលខ្ញុំបានប្រព្រឹត្ត គឺការជឿជាក់លើលោក, ជនជាតិអាមេរិក។
សូមជម្រាបថា សារឆ្លើយតបនេះ ត្រូវបានគេសរសេរចែកចាយ និងអានដោយការសើចចំអកនៅក្នុងដែនដីនៃមហាអំណាចរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ អ្នកសរសេរលិខិតនេះ ក្រោយមកត្រូវបាន ចាប់ខ្លួន ដោយទាហានខ្មែរក្រហម និងត្រូវបានសម្លាប់។ តែសេចក្តីរាយការណ៍មួយចំនួនឱ្យដឹងថា លោកត្រូវបានគេបាញ់ត្រង់ពោះ ហើយបោះបង់ចោលរហូតដល់ស្លាប់ក្រោយការឈឺចាប់ដោយសាររបួសរយៈពេលបីថ្ងៃ ខណៈដែលប្រភពខ្លះទៀតបានឱ្យដឹងថា លោកត្រូវបានគេកាត់ក្បាល។
ចង់ដឹងណាស់ថា តើប្រធានាធិបតីមហាអំណាចអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានអានលិខិតនេះដែរឬទេ មុនពេលលោកបញ្ជាឱ្យដកទ័ពចេញពីប្រទេសស៊ីរី។ បើបានអាន លោកប្រហែលជាត្រូវពិចារណាច្បាស់លាស់មុនពេលសម្រេចចិត្តបែបនេះ៕
ដោយ៖ សារព័ត៌មាន The Straits Times