(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩នេះ កម្មករ កម្មការិនី បម្រើការនៅរោងចក្រ W&D ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាធ្វើកូដកម្ម មិនព្រមចូលធ្វើការអស់ជាច្រើនថ្ងៃមកហើយ ទាមទារឲ្យថៅកែរោងចក្របើកប្រាក់អតីតភាពការងាររបស់ពួកគេ ឲ្យនៅត្រឹមឆ្នាំ២០១៨។
ភាគីរោងចក្រមិនបានបដិសេធក្នុងការបើកប្រាក់អតីតភាពជូនកម្មករនោះឡើយ តែសុំបើករំលោះដោយចាប់ពីឆ្នាំ២០១៩នេះទៅនឹងជូន៦ខែម្តង ពោលនៅក្នុងខែ៦ម្តង និងខែ១២ម្តង ពោលនឹងបើករហូតដល់អស់នូវប្រាក់អតីតភាពនេះ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះថា ក្រសួងបានព្យាយាមសម្របសម្រួល និងពន្យល់ជាច្រើនមកហើយទៅដល់កម្មករលើការទាមទាររបស់ពួកគាត់ តែពួកគាត់នៅតែមិនព្រមទទួលយក។ លោក ហេង សួរ បានបញ្ជាក់ថា ថៅកែរោងចក្របានបង្ហាញឆន្ទៈក្នុងការបើកប្រាក់ អតីតអតីតភាពការងារនោះ តែសុំបង់រំលោះ ព្រោះមិនអាចបង្វិលទុនទាន់។ លោក ហេង សួរ បានចោទសួរថា ចង់បង្ខំឲ្យថៅកែរោងចក្របើកប្រាក់អតីតភាព៤ខែ ហើយត្រូវបិទទ្វារ ឬចង់ឲ្យថៅកែបើកប្រាក់អតីតភាពរំលោះ ហើយបន្តរក្សាបានការងារ និងបានប្រាក់ឈ្នួលជារៀងរហូត?
លោក ហេង សួរ បានលើកឡើងយ៉ាងដូច្នេះ «បើយើងចង់បានអតីតភាពបួនខែភ្លាមៗធ្វើឲ្យរោងចក្រគាត់អត់មានទុនបង្វិល គាត់អាចនឹងដួលរលំ ឬអាចឆាប់នឹងបិទទ្វារនោះនឹងធ្វើឲ្យបងប្អូន បាត់បង់នូវប្រាក់ចំណូលប្រចាំខែហ្នឹងជារៀងរហូតតែម្តង។ ផ្ទុយទៅវិញបើយើងទុកពេលឲ្យថៅកែសងមួយឆ្នាំពីរដង គឺបងប្អូននឹងបន្តបានប្រាក់ខែដដែល ហើយនៅខែ៦ គេសង ខែ១២គេសង (សងប្រាក់អតីតភាព) អ៊ីចឹងមានន័យថា បងប្អូននឹងមានប្រាក់ខែរាប់សិបឆ្នាំទៅមុខទៀតរហូតដល់បងប្អូនចូលនិវត្តន៍។ តែបងប្អូនបង្ខំគេឲ្យសង៤ខែហ្នឹង បើគេដួលរលំបងប្អូនបានតែ ៤ខែហ្នឹងហើយ បាត់ប្រាក់ខែរហូត តើយើងយកមួយណា?»។
បើតាមកម្មករ កម្មការិនី បានអះអាងថា រោងចក្រ W&D នេះ មិនដែលលំបាកក្នុងការបើកប្រាក់ខែប្រចាំខែនោះឡើយ ពោលបានបើកប្រាក់ខែយ៉ាងទៀងទាត់។ ប៉ុន្តែអ្វីដែលពួកគាត់ទាមទារនៅពេលនេះ គឺប្រាក់អតីតភាព។ ពាក់ព័ន្ធប្រាក់អតីតភាពនេះ តាមរយៈការពន្យល់ពីហេតុផលចំពោះការចង់បានរបស់កម្មករលើប្រាក់អតីតភាពវាគួរណាស់តែបញ្ហាត្រូវបានបញ្ចប់ មិនគួរមានការតវ៉ាអូសបន្លាយរហូតដល់ទៅជិតជាងកន្លះខែមកហើយនោះទេ។
ប៉ុន្តែរឿងដែលធ្វើឲ្យកម្មករនៅតែប្រមូលផ្តុំតវ៉ានេះ ក៏ព្រោះតែមានការញុះញង់ពីសហជីពមួយ ដែលសហជីពនោះជាសហជីពគាំទ្ររាជរដ្ឋាភិបាលថែមទៀតផង។ នេះបើតាមប្រភពច្បាស់ការមួយបានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News។
ប្រភពបានលើកឡើងថា សហជីពមួយនោះ បានធ្វើសកម្មភាពញុះញង់កម្មករឲ្យធ្វើកូដកម្មក្រោមលេសទាមទារប្រាក់អតីតភាពការងារនេះ ក្នុងបំណង់ជម្រិតទារប្រាក់ពីថៅកែរោងចក្រ។
ប្រភពខាងលើបានអំពាវនាវដល់សហជីពនោះ គួរតែគិតពីប្រយោជន៍រួមរបស់កម្មករ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកាលធ្វើឲ្យមានបរិយាកាសផ្នែកការងារល្អប្រសើរ មិនគួរប្រើយុទ្ធសាស្ត្រពិសពុលព្រោះចង់ជម្រិតទារប្រាក់ពីថៅកែរោងចក្រ ដែលអាចធ្វើឲ្យក្រុមថៅកែត្រូវបង្ខំចិត្តបិទទ្វាររោងចក្រ និងធ្វើឲ្យគេខ្លាចលែងហ៊ានមកវិនិយោគនៅកម្ពុជានោះឡើយ៕