(ភ្នំពេញ)៖ បុរសម្នាក់ជាមន្ត្រីយោធាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកសួរនាំករណីប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ ដោយសារតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារនេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ ហង្ស រ៉ាឌែរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមន្ត្រីយោធាសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ឋានន្តរស័ក្តិវរសេនីយ៍ត្រី។
តាមការរៀបរាប់របស់ឈ្មោះ សួន ស្រីទូច ភេទស្រី ជាប្រពន្ធជនសង្ស័យ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងឈ្មោះ សួន សារុន ភេទស្រី ជាបងថ្លៃជនសង្ស័យ មុខរបរកម្មកររោងចក្រ មានទីលំនៅខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារជនបង្កមានស្រីពេលប្រពន្ធ សួរនាំក៏ឈ្លោះគ្នាហើយប្រើអំពើហិង្សាលើប្រពន្ធ នៅពេលបងថ្លៃស្រីសួនាំក៏ទះកំផ្លៀងបងថ្លៃ និងបោកទូរស័ព្ទ និងគំរាមបាញ់សម្លាប់។
សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុជនបង្ក និងអាវុធខ្លីមួយដើមម៉ាក NP42 (បង់០១គ្រាប់១៥) ត្រូវបាន នគបាលប៉ុស្តិ៍រដ្ធបាលចោមចៅ៣ នាំខ្លួនមកសាកសួរ ប៉ុន្តែដោយជនបង្កជាយោធាទើបបានប្រគល់មកឲ្យកម្លាំងអាវុធហត្ថវិញ។
បច្ចុប្បន្នជនបង្ក និងអាវុធខ្លី បានបញ្ជូនទៅការិយាល័យជួញដូរមនុស្ស នៃកងរាជអាវុធរាជធានីភ្នំពេញដើម្បីបន្តនិតិវិធី៕