(ភ្នំពេញ)៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តស៊េរីទំនើបជ្រុល ទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យម៉ូតូខ្ទាតទៅប៉ះតូបលក់ងាវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យ មាននរណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ កែងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកស៊េរីទំនើបមួយគ្រឿងម៉ាក Audi Q5 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-8186 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ដោយក្នុងស្ថានភាពស្រវឹង លុះមកដល់កន្លែងកើតហេតុរថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-1028 ម្ចាស់ចតស្ងៀមពីក្រោយ រួចបន្តទៅបុកតុលក់ងាវបណ្តាលឲ្យរលំតុផ្ងារជើងឡើងលើ និងរប៉ាត់រប៉ាយពេញផ្លូវតែម្ដង។ ចំណែករថយន្តបង្កកល់ជាប់ជាមួយម៉ូតូ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើ បានចុះមកការដោះស្រាយសងសំណង ទៅឲ្យភាគីខាងម៉ូតូ និងអ្នកលក់ងាវចំនួនទឹកប្រាក់១២០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕