(ភ្នំពេញ)៖ បន្ទាប់ពីសួរនាំអស់ជាច្រើនម៉ោង ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» លោកស្រី ហូវ ដាណេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយនៅព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។ ដោយឡែកលទ្ធផលនៃការសួរនាំពាក់ព័ន្ធការចោទប្រកាន់ថា ថតរូបរបស់អតិថិជនចូលកែសម្ផស្សជាថ្នូរជម្រិតទារប្រាក់នោះមិនទាន់មានការបង្ហាញនៅឡើយទេ។
លោក អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកមិនទាន់ទទួលបានលទ្ធផលនៃការសាកសួរនោះឡើយទេ ព្រោះវាការងាររបស់ព្រះរាជអាជ្ញា។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ លោកស្រី ហូវ ដាណេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះទៅឃាត់ខ្លួនសួរនាំនៅនឹងទីតាំងហាងកែសម្ផស្សរបស់ខ្លួនផ្ទាល់តែម្តង ដើម្បីសួរនាំបន្ទាប់ពីមានអតិថិជនម្នាក់ប្តឹងអ្នកស្រីថា បានថតរូបគេពេលចូលទៅកែសម្ផស្សជាថ្នូរជម្រិតទារប្រាក់។
«ឌែម៉ូគ្លីនិក» គឺជាហាងកែសម្ផស្សដ៏ល្បីមួយនៅក្នុងរាជធានីភ្នំពេញ។ មានតារាល្បីៗ រួមទាំងអ្នកចូលចិត្តកែសម្ផស្សដើម្បីបានសម្រស់កាន់តែស្រស់ស្អាតជាច្រើននាក់ បានទៅស្វែងរកសេវាកែសម្ផស្សនៅហាងមួយនេះ៕