(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញគម្រោងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍បន្ថែម ដើម្បីប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិក្នុងបំណងផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ បន្ថែមពីលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា មភថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងបទសម្ភាសន៍នោះ លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះ គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរមានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសម្លេងតែប៉ុណ្ណោះ។
លោករដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាពខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជន និងប្រិយមិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជាតិឱ្យកាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏មានគម្រោងបង្កើតកន្លែងផ្ទុកទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែលបន្សល់ទុកជាយូរមកហើយ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានបច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំចំនួន ៥១២អង្គភាព ព័ត៌មានព្រឹតិ្ដបត្រផ្សាយតាមអនឡាញចំនួន ៧២អង្គភាព ស្ថានីយទូរទស្សន៍ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥។
ជាមួយការរីកចម្រើនលើប្រព័ន្ធផ្សព្វផ្សាយ លោករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានកម្ពុជាក៏មានការអភិវឌ្ឍខ្លួនផ្នែកសមត្ថភាព វិជ្ជាជីវៈ និងមានអ្នកសារព័ត៌មានមួយចំនួនអាចប្រឡូកអាជីពសារព័ត៌មានជាមួយអង្គភាពសារព័ត៌មានបរទេសតាមរយៈការសរសេរ និងធ្វើបទវិភាគឱ្យសារព័ត៌មានល្បីៗរបស់ពិភពលោកផងដែរ៕