(បន្ទាយមានជ័យ)៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះទៅបង្រ្កាបទីតាំងបើកល្បែងអនឡាញ ចំនួន២កន្លែង នៅក្នុងបុរី GOOD LUCK ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះឃាត់ខ្លួន បានជនជាតិថៃ និងជនជាតិឥណ្ឌូនេស៊ី ប្រុសស្រី៨នាក់ និងដកបានហូតសម្ភារមួយចំនួន ដែលបម្រើឱ្យការប្រព្រឹត្តល្បែងអនឡាញខុសច្បាប់។
ជាមួយគ្នានេះដែរសមត្ថកិច្ច បានឆែកឆេរ និងត្រួតពិនិត្យជនបរទេសទាំង៨នាក់នោះ គឺមានស្រ្តីជនជាតិថៃម្នាក់ និងបានធ្វើតេស្តទឹកនោមរកឃើញ មានការប្រើប្រាស់គ្រឿងញៀន និងត្រួតពិនិត្យពួកគេមានលិខិតឆ្លងដែនប្រភេទការងារ ប៉ុន្តែគ្មានបណ្ណការងារ សមត្ថកិច្ចក៏បានចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកមកសាកសួរបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ឱ្យដឹងថានៅតំបន់ក្រុងប៉ោយប៉ែត មានជនបរទេសមកស្នាក់នៅ និងបានជួលអគារបើកល្បែងស៊ីសងតាមប្រព័ន្ធ Internet អនឡាញ និងបានជួលទីតាំងអគារប្រើប្រាស់ជួញដូរគ្រឿងញៀន នោះផងទៀត។
ប្រតិបត្តិការបង្រ្កាបជនបរទេសមកស្នាក់នៅធ្វើការងារប្រកបមុខរបរខុសច្បាប់នៅក្រងប៉ោយប៉ែត ត្រូវគេមើលឃើញថា ប្រើប្រាស់វិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសខុសច្បាប់ នោះផងដែរ។
សូមបញ្ជាក់ថា កាលពីក្នុងកិច្ចប្រជុំរវាងនគរបាលយុត្តិធម៌ និងតុលាការ ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះលោក ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងនិង ដាក់ផែនការជំរុញឱ្យសមត្ថកិច្ច បង្ការទប់ស្កាត់ បង្រ្កាប គ្រឿងញៀន និងល្បែងស៊ីសង ខុសច្បាប់ ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក-ក្រុងនានា ក្នុងខេត្តបន្ទាយមានជ័យ៕