(សៀមរាប)៖ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង២៨ម៉ឺននាក់ ទទួលបាននូវភាពសប្បាយរីករាយ នៅក្នុងព្រឹត្តិការណ៍អបអរ ពិធីឆ្លងឆ្នាំ សកល២០១៩ នៅក្នុងទឹកដីខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្នុងអធិបតីភាពរបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០៖០០នាទីយប់ រហូតដល់ម៉ោង០០៖៣០នាទីយប់ នៅបរិវេណសួនច្បារមាត់ស្ទឹងខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលរដ្ឋបាលសាលា ខេត្តសៀមរាប ដោយបានរៀបចំការបាញ់កាំជ្រួច ចម្រុះពណ៌ ការតុបតែងលំអភ្លើងតាមវិថីសំខាន់ៗមួយចំនួន និងរៀបចំឆាកតន្រ្តីកំសាន្ត សួនច្បារថ្មីជាប់មាត់ស្ទឹង ខេត្តសៀមរាប។
ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមសរុបប្រមាណ ២៨៤ពាន់នាក់ គឺមានការកើនឡើង ៧.៩៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅ ដែលមានត្រឹម ២៦៣ពាន់នាក់។ ចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរផងដែរ៕