(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ដែលដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ភ្លាមៗ បន្ទាប់ពីត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀន​ចំនួន៧កញ្ចប់ នៅខណៈដែលកំពុងតែបន្តសកម្មភាពចុះអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១១៖៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន ទាំង២នាក់នេះ ក្រៅពីរកឃើញថ្នាំញៀន កម្លាំងសមត្ថកិច្ច​បានដកហូតទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាកណូគា (អិនចុចពិល) ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់ ជាមួយម៉ូតូ១គ្រឿងម៉ាក ស៊ូរូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1Y-7927 ផងដែរ។

លោកអធិការបន្តថា ជនសង្ស័យឈ្មោះ នី រីហ្វីន ភេទប្រុស អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស្មាន សាលីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកជួញដូរថ្នាំញៀន) មានទីលំនៅក្នុងក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន​ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញថ្នាំញៀន ត្រូវបាននាំមកបន្តឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី៕​