(ចិន)៖ តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចគ័ងតុង-ហុងកុង-ម៉ាកាវ ដែលកំពុងរីកចម្រើនខ្លាំង បានទាក់ទាញសហគ្រិនមកពីគ្រប់ទិសទី ឱ្យមកបើកអាជីវកម្មនៅតំបន់នេះ ឥតឈប់ឈរ។
តំបន់អភិវឌ្ឍយុវជនឈីញហាយ សិនជិន ហុងកុង និងសហគ្រិន នៅឯតំបន់ពាណិជ្ជកម្មសេរីសាកល្បង គ័ងតុង មានផ្ដល់ជូននូវប្រព័ន្ធដ៏ល្អឥតខ្ចោះសម្រាប់សហគ្រិនទាំងឡាយ ដែលចង់បង្កើតអាជីវកម្ម។
ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញា មកពីសាកលវិទ្យាល័យចិនហុងកុង លោក លាវ ប៉រលីន បានបើកអាជីវកម្មមួយជាមួយដៃគូ៣នាក់ កាលពី២ឆ្នាំមុននៅតំបន់នេះ។ ដោយចាប់ផ្ដើមប្រឡូក ក្នុងទីផ្សារជាមួយនឹងវ៉ាលីឆ្លាតវៃ ផលិតផលរបស់ក្រុមហ៊ុននេះ អាចពង្រីកទីផ្សាររបស់ខ្លួនបាន ព្រមទាំងបានបង្កើតស្នាដៃជាច្រើនផងដែរ។
លោក លាវ ប៉រលីន សហគ្រិននៅហុងកុង និយាយថា «ក្រុមហ៊ុនរបស់យើង មានកំណើនប្រាក់ចំណូលថេរល្អណាស់ គឺយើងរកបានដល់ខ្ទង់១០លានហើយ។ ក្រុមហ៊ុនយើងក៏កំពុងផ្ដល់សេវាកម្មជូនដល់ក្រុមហ៊ុនល្បីៗ រួមទាំងក្រុមហ៊ុនដែលមានចុះបញ្ជីក្នុងផ្សារហ៊ុនផងដែរ»។
ធាន អ៊ីចអាង គឺជាយុវជនជំនាន់ដំបូងដែលចូលមកតំបន់នេះ។ គាត់បានរៃអង្គាសថវិកាបាន៣លើកកាលពី២ឆ្នាំមុន ហើយបានធ្វើគម្រោងមួយសម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ មនុស្សឱ្យមានគុណភាពល្អ។
លោក ធាន អ៊ីចអាង សហគ្រិននៅហុងកុង និយាយថា «សព្វថ្ងៃនេះ បរិយាកាសជារួមនៃវិស័យវិនិយោគ និងហិរញ្ញវត្ថុរបស់សិនជិន គឺពិតជាគួរឱ្យទាក់ទាញណាស់ សម្រាប់យុវជនដែលមកពីហុងកុង។ វិស័យសេវាកម្ម ដឹកជញ្ជូន និងពាណិជ្ជកម្មអេឡិចត្រូនិចរបស់ទីនេះ គឺពិតជាល្អឥតខ្ចោះតែម្ដង»។
អ្នកនាង ចាង យីង គឺជាអនុប្រធានផ្នែកអាជីវកម្មនៃតំបន់អភិវឌ្ឍយុវជននេះ។ គាត់បានពន្យល់ថា តំបន់នេះ បានទាក់ទាញក្រុមមនុស្សកាន់តែច្រើនឡើង ទាំងអ្នកដែលមកពីក្នុងតំបន់ និង អ្នកដែលមកពីបរទេស។
អ្នកនាង ចាង យីង អនុប្រធានផ្នែកអាជីវកម្ម តំបន់សហគ្រិន និងអភិវឌ្ឍយុវជនឈីញហាយសិនជិនហុងកុង នៃក្រុមហ៊ុន Qianhai Technological Innovation Ltd និយាយថា «ក្នុងអំឡុងពេល៤ឆ្នាំកន្លងទៅនេះ យើងបានទទួលក្រុមសហគ្រិនចំនួន៣៤០ក្រុម ដែលក្នុងនោះមាន១៦៩ក្រុមមកពីហុងកុង ម៉ាកាវ និងក្រៅប្រទេស។ ជាងពាក់កណ្ដាលនៃក្រុមរបស់យើង សុទ្ធតែបានរៃអង្គាសថវិកា បានពីរលើករួចមកហើយ។ ហើយប្រាក់ទុនទាំងអស់របស់យើង មានចំនួនដល់ទៅជិត២២០លានដុល្លារអាមេរិកឯណោះ»។
តំបន់ពាណិជ្ជកម្មសេរីសាកល្បង នៅតំបន់ឈានហាយ-ស័រខូវ គឺជាតំបន់មួយនៃតំបន់ ដែលមានការអភិវឌ្ឍលឿនបំផុតក្នុងប្រទេសចិន។ ក្រុមហ៊ុនដែលចុះបញ្ជីនៅទីនេះ មានកំណើនអាជីវកម្មប្រចាំឆ្នាំដល់ទៅជិត១០០ភាគរយឯណោះ ហើយប្រាក់ចំណូលពីការប្រមូលពន្ធក្នុងរយៈពេល១១ខែដើមឆ្នាំ២០១៨នេះ បានកើនឡើង៣២ភាគរយ បើធៀបនឹង១១ខែដើមឆ្នាំមុន៕ (សារព័ត៌មាន CCTV របស់ចិន)