(ចិន)៖ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន ដែលចូលជាធរមាន តម្រូវឱ្យភាគីអ្នកលក់ទិញមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ដើម្បីផ្ដល់សេវារបស់គេ។ ការផ្លាស់ប្តូរទាំងនេះ គឺដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ឱ្យបានកាន់តែល្អ។

ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចថ្មី ចូលជាធរមាននៅថ្ងៃទី១ មករា២០១៩ បន្ទាប់ពីបានទទួលការអនុម័តពីសភាចិនកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ។

ច្បាប់នេះ មានគោលដៅ «ការពារសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី» និង «រក្សាសណ្ដាប់ធ្នាប់ទីផ្សារ»។ ច្បាប់នេះ តម្រូវឱ្យប្រតិបត្តិករទាំងអស់ក្នុងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច បំពេញកាតព្វកិច្ចការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ព្រមទាំងព័ត៌មានផ្ទាល់ខ្លួន កម្មសិទ្ធបញ្ញា ការពារពីការ hack ក្នុងប្រព័ន្ធអ៊ីនធើណេត និងបរិស្ថាន។

ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យហ្វ៊ូតាន់ នៅក្រុងសៀងហៃ លោក ក័រ ជាំងឈាវ និយាយថា ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចថ្មីនេះ មានដាក់បញ្ចូលអាជីវករតាមអនឡាញកាន់តែច្រើនស្ថាប័ន ទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ លោកបានបន្ថែមថា តាមរយៈការបង្កើនឱកាសសម្រាប់ឱ្យក្រុមហ៊ុនកាន់តែច្រើន អាចចូលមកក្នុងទីផ្សារអនឡាញនេះ វានឹងបង្កើតបានជាបរិយាកាសដែលកាន់តែល្អ សម្រាប់អ្នកទិញដែលជាអ្នកប្រើប្រាស់។

លោក ក័រ ជាំងឈាវ សាស្ត្រចារ្យ មហាវិទ្យាល័យច្បាប់ សាកលវិទ្យាល័យហ្វ៊ូតាន់ និយាយថា «វាបង្កើតបានជាក្រមវិន័យរួមមួយ ដែលគ្រប់គ្រងទៅលើការទិញទំនិញតាមអនឡាញផង និងមិនតាមអនឡាញផង។ អាជីវករតាមអនឡាញ ដូចជាអ្នកលក់តាម WeChat អ្នកទិញនៅបរទេស និងអ្នកដែលលក់ទំនិញតាមវិឌីអូផ្សាយផ្ទាល់ទាំងអស់ សុទ្ធតែស្ថិតក្រោមបទបញ្ញត្តិច្បាប់នេះទាំងអស់»។

លើសពីនេះ ការចំណាយលើសេវាកម្ម នឹងកើនឡើង ដោយសារច្បាប់ថ្មីនេះតម្រូវឱ្យភ្នាក់ងារទិញ ចុះបញ្ជីនិងបង់ពន្ធសម្រាប់ការផ្ដល់សេវាកម្មរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់៕ (សារព័ត៌មាន CCTV របស់ចិន)