(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានចុះឃាត់ខ្លួនកូនប្រសារសេដ្ឋីថៃ ម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ដែលទើបរៀបការបានពីរថ្ងៃ ពោលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយមានបណ្ដឹងរឿងជំរិតទារប្រាក់ពីអតិថិជន ដែលចូលទៅទទួលសេវាកែសម្ផស្ស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងខ្លីថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន និងកំពុងបន្ដស៊ើបអង្កេតលើករណីនេះ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ប៉ុន្ដែទោះជាយ៉ាងលោកមិនទាន់បញ្ជាក់អ្វីច្រើននោះទេ ព្រោះថាពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបំពេញប្រតិបត្តិការនៅឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ការដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីជនរងគ្រោះបានចូលទៅកែសម្ផស្សនៅក្នុងគ្លីនិកខាងលើ ហើយត្រូវបានម្ចាស់គ្លីនិករៀបចំបង្កប់កាមេរ៉ាថតសកម្មភាពកែសម្ផស្ស ដែលក្នុងនោះរួមមានទាំងការកែរកេរ្ដិ៍ភេទផងដែរ។
សូមជម្រាបថា ថៅកែហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក» ឈ្មោះ ហូវ ដាណេ ជាមេម៉ាយកូន២ ទើបតែចូលរោងការជាមួយសេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃមួយ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕