(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងលោកឧកញ៉ា សុខ ហួត អគ្គនាយករងក្រុមហ៊ុន ស៊ិនទ្រី មន្ត្រីរាជការ ប្រជាការភូមិ សិស្សានុសិស្ស ប្រមាណជា១០០នាក់ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការសម្អាតបរិស្ថាន និងស្វាគមន៍ក្រុមហ៊ុនប្រមូលសំរាមថ្មី ស៊ិនទ្រី។

លោក សាន ស៊ានហូ បានថ្លែងថា ឆ្នាំ២០១៩ ជាជាឆ្នាំថ្មី និងមានក្រុមហ៊ុនប្រមូលសំរាមថ្មីផងដែរ។ រថយន្តប្រមូលសំរាម សម្អាត បូមដីសរុប១៧គ្រឿង ជាការសាកល្បងក្នុងប្រមូលសំរាម ក្នុងក្រុងប៉ោយប៉ែត ប្រសិនជាមិនទាន់ថែមរថយន្តទៀត ដើម្បីងាយស្រួលក្នុងយកសំរាមជូនប្រជាពលរដ្ឋ ។

លោកឧកញ៉ា សុខ ហួត បានថ្លែងថា មូលហេតុមកដាក់វិនិយោគក្នុងការប្រមូលសំរាម នៅក្នុងប៉ោយប៉ែតនេះ គឺដោយកន្លងមកនេះឃើញថា សំរាមជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ដែលបង្កប៉ះពាល់ធ្ងន់ធ្ងរ ។

លោកឧកញ៉ា​បានបន្ថែមថា តាមការសំណូមពររបស់អាជ្ញាធរក្រុង តម្រូវឱ្យក្រុមហ៊ុនមានរថយន្តតូច កង់បី រទះ ដើម្បីងាយស្រួល ក្នុងការប្រមូលសំរាមតាមផ្លូវតូចៗ ចំណែកទីតាំងចាក់សំរាមវិញ យើងមានទំហំដីប្រមាណជា១០ហិកតាឯណោះ មានចំងាយប្រមានជាង ១០គីឡូម៉ែត្រ ពីទីប្រជុំជន មិនបង្កឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ លោកអភិបាលក្រុងប៉ោយប៉ែត ក៏ដូចជាក្រុមហ៊ុនស៊ិនទ្រី បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មានកន្លែងងាយស្រួលក្នុងទៅយកសំរាម និងចូលរួមបង់ថវិកាឱ្យទាងទាត់៕