(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា មុខសញ្ញាសេសសល់ចំនួន៣នាក់ ដែលពាក់ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា ត្រូវបានឃាត់ខ្លួនហើយ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩៖៥០នាទី នៅចំណុចក្រុមទី០៦ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោចេតនា (មិនបានសម្រេច) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពសំរុកចូលក្នុងរថយន្ត របស់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ក្នុងខណៈពេលដែលជនរងគ្រោះ កំពុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ។
លោកបន្តថា ជនសង្ស័យទាំង០៤នាក់នោះ មានកូនកាំបិតស្នៀត ០១ដើម និងកាំភ្លើងខ្លី០១ដើម។
ក្នុងពេលដែលពួកគេកំពុងវាយ និងយកកាំភ្លើងភ្ជង់គំរាមកំហែងជីវិត របស់ជនរងគ្រោះនៅក្នុងរថយន្ត ក៏ត្រូវកម្មកររបស់ជនរងគ្រោះឃើញ ហើយមានការឆោរឡោឡើង ពេលនោះជនសង្ស័យទាំង០៤នាក់ បាននាំគ្នារត់គេចខ្លួនអស់។ បន្ទាប់ពីបានទទួលដំណឹង កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតចាប់ខ្លួនបានជនសង្ស័យចំនួនម្នាក់។
លោកឧត្តមសេនីយ៍ទោស្នងការបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ LIN YONGFEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរវិស្វករ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនរងគ្រោះបានរងរបួសមាន ស្នាមជាំនៅកញ្ចឹងក។
ចំណែកជនសង្ស័យឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EE៧២៨៥៨០៧ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន គឺកូនកាំបិតស្នៀត ០១ដើម ដែលជាឧបករណ៍ប្រព្រឹត្តិបទល្មើស។ នេះបើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែម។
បន្ទាប់ពីចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់បានជនសង្ស័យ ដែលសេសសល់ក្នុងករណី ចំនួន០៣នាក់ បន្ថែមទៀត នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៥៖០០ទៀបភ្លឺ។ ជនសង្ស័យទាំង ០៣នាក់នេះ មានឈ្មោះដូចតទៅ៖ ១-ឈ្មោះ CHEN BING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EE៧២៨៥៨០៣ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី), ២-ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED០៤៣០១២៧ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ (ជនដៃដល់កាន់កាំភ្លើង ភ្ជង់គំរាមជនរងគ្រោះ), និងទី៣-ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EE៧២៩៩៩៩០ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី)។
វត្ថុតាងចាប់យកបានបន្ថែមមាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក RUGER SR9c លេខឈូសចោល មានបង់០១ និងគ្រាប់ ០៤គ្រាប់ (ឧបករណ៍ប្រព្រឹត្តិបទល្មើស), កូនកាំប៉ិតស្នៀត ០១ដើម និងស្រោមដៃ ០១គូរ។
បើតាមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕