(ភ្នំពេញ)៖ សម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA) បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីកសាងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា ស្តីពីការរាយការណ៍អំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាក្នុងគោលបំណងពង្រឹងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការធ្វើការរាយការណ៍ពី អាហារូបត្ថម្ភ និងការតស៊ូមតិ ក៏ដូចជាការបង្កើនចំណេះដឹង និងការចាប់អារម្មណ៍ជុំវិញបញ្ហាអាហារូបត្ថម្ភនិងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ក្នុងការបង្កើតទំនាក់ទំនងជាមួយ អង្គការសង្គមស៊ីវិលផងដែរ។
លោក សុខ ស៊ីទ្បូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភថាចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោក ដែលត្រូវបង្កើតទ្បើងក្នុងខែកញ្ញា ឆ្នាំ២០១០ ដែលសម្របសម្រួលដោយតំណាងពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
លោកបានបញ្ជាក់ថា ចលនានេះ មានគោលបំណងប្រមូលផ្តុំ នូវអ្នកពាក់ព័ន្ធទាំងអស់ទាំងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាននិងអ្នកវិទ្យាសាស្រ្តនៅគ្រប់វិស័យទាំងអស់ ឲ្យចូលរួមចំណែកដោះស្រាយ និងបង្កើនកិច្ចអន្តរាគមន៍ ទៅលើការកែលម្អស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនិងផ្តល់ឲ្យអ្នកពាក់ព័ន្ធទាំងនោះ នូវកិច្ចសហប្រតិបត្តិការ ការកៀរគរធនធាន និងចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរយោបល់គ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន នៃប្រទេសជាសមាជិក។
លោកបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសជាង៦០ នៅលើសកលលោកបានចូលជាសមាជិក នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោកនេះ។ ចំណុចខ្លាំង នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភពិភពលោក គឺការបេ្តជ្ញាចិត្តរបស់ប្រទេសជាសមាជិក ដើម្បីធ្វើការជាមួយគ្នាក្នុងគោលបំណងរួម និងការទទួលខុសត្រូវរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភ នៅក្រោមចលនារួមគ្នាមួយផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានស្តីពី «សន្តិសុខស្បៀង និងអាហារូបត្ថម្ភ» ថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពេញមួយថ្ងៃ គឺពិតជាបានទទួលនូវចំណេះដឹង និងសមត្ថភាពស្តីពីការសសេរ និងផ្សព្វផ្សាយព័ត៌មានលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភកាន់តែច្បាស់លាស់ព្រមទាំងរួមចំណែកឲ្យកាន់តែប្រសើរទ្បើង ក្នុងការផ្សព្វផ្សាយព័ត៌មានទាំងនេះ ឲ្យកាន់តែមានភាពសុក្រឹតទ្បើង ក៏ដូចជាបង្កើនការផ្សព្វផ្សាយ លើអត្ថបទនានា ស្តីអំពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីជូនដល់សាធារណជន ស្វែងយល់នៅលើវិស័យនេះ។
លោកស្រីវេជ្ជបណ្ឌិតបានអំពាវនាវដល់អង្គការហេទ្បែន ខេលល័រអន្តរជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងទៀត ក្នុងការបង្កើតកម្មវិធីពិសេសប្រចាំឆ្នាំ ដើម្បីប្រកួតប្រជែងជ្រើសរើស អ្នកសារព័ត៌មានដែលមានស្នាដៃក្នុងការផ្សព្វផ្សាយព័ត៌មាន ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភបានច្រើនជាងគេ និងមានលក្ខណៈសុក្រឹតក្នុងឆ្នាំនីមួយៗផងដែរ។
ក្នុងការកង្វះអាហារូបត្ថម្ភនាពេលកន្លងមក គឺបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានលើការសិក្សារបស់កុមារ ក៏ដូចជាប្រសិទ្ធភាពការងាររបស់ពួកគេ នៅពេលដែលពួកគេធំឡើងនឹងបង្កជាហេតុធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ការដោះស្រាយបញ្ហាក្រិសក្រិនមានសារៈសំខាន់ណាស់ និងចាំបាច់ ដើម្បីឲ្យកម្ពុជាអាចសម្រេចគោលដៅ អភិវឌ្ឍដោយចីរភាពនៅឆ្នាំ២០៣០ផង៕