(ភ្នំពេញ)៖ ធ្លាយទុយោហ្គាស បង្កជាអគ្គិភ័យផ្អើលអស់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ ដោយនៅក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យបុរសម្នាក់រងរបួស ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១៖៤៥នាទីរសៀល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មាន Fresh News ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ វេង នួន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៦៧ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះបានបើកហ្គាសដាំទឹក ខណៈពេលដែលកំពុងដាំទឹកនោះ ស្រាប់តែធ្លាយទុយោហ្គាស បានបង្កជាអគ្គិភ័យ។ ភ្លាមៗនោះម្ចាស់ផ្ទះបានប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចេញអន្តរាគមន៍។
ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ បានចេញរថយន្តចំនួន ២គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់។
ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើន។ ចំណែករថយន្តពន្លត់អគ្គិភ័យ ដែលចុះមកអន្តរាគមន៍ចំនួន ២គ្រឿងនេះ មិនបានប្រើប្រាស់នោះទេ៕