រថយន្តដឹកខ្សាច់១គ្រឿង បុករះរថយន្ត ម៉ូតូ និងរ៉ឺម៉កជាច្រើនគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និង១៦នាក់ទៀតរងរបួស នៅក្រុងព្រះសីហនុ
02-01-2019 14:39
(ព្រះសីហនុ)៖ រថយន្តដឹកខ្សាច់១គ្រឿង បានបើកបរក្នុងល្បឿនលឿន ក៏បុករះប៉ះទៅលើរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្ស១៦នាក់ រងរបួសធ្ងន់និងស្រាល។
យោងតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ព័ត៌មានបឋមមក Fresh News ឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកខ្សាច់១គ្រឿង បានបុករះប៉ះទៅលើរថយន្ត ម៉ូតូនិងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង នៅផ្លូវបេតុងវត្តលើ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ វេលាម៉ោងជាង១២៖០០ថ្ងៃត្រង់ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ដែលតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុថា មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សក្មេង ចាស់ ប្រុស ស្រីយ៉ាងតិច១៦នាក់ផ្សេងទៀតរងរបួស មានទាំងជនជាតិខ្មែរ និងជនជាតិចិន។
បើតាមសមត្ថកិច្ច ក្រុមសង្គ្រោះមានទាំងសមត្ថកិច្ច និងរថយន្តពេទ្យ បានមកជួយអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចបាត់។
ព័ត៌មានលម្អតិ Fresh News នឹងរាយការណ៍ជូនតាមក្រោយ៕