(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឆ្នាំ២០១៨ កន្លងទៅនេះ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក។

ការអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងស្របពេលដែល ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨​ និងលើកទិសដៅឆ្នាំ២០១៩ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់តាមបណ្តាញសង្គម​ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក (ព្រំដែនកម្ពុជា-ថៃ២,៤៩៧លើក កម្ពុជា-វៀតណាម១,២៥០លើក កម្ពុជា-ឡាវ១,៤៤៦លើក)»

លោកបន្តថា សម្រាប់ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្តុំ អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ​ រយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។

ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រ ទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការផងដែរ៕