(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឆ្នាំ២០១៨ កន្លងទៅនេះ កងទ័ពកម្ពុជា សហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម បានរកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុបន្ថែមទៀត។

ការអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងស្របពេលដែល ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨​ និងលើកទិសដៅឆ្នាំ២០១៩ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់តាមបណ្តាញសង្គម​ Facebook របស់លោកយ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរកអដ្ឋិធាតុវៀតណាម ដោយបានរុករកឃើញអដិ្ឋធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៩០ធាតុ ក្នុងនោះរកឃើញដោយ យោធភូមិភាគពិសេសចំនួន៥២ធាតុ យោធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ចំនួន១៣៥ធាតុ យោធភូមិភាគទី៤ចំនួន៩២ធាតុ និងយោធភូមិភាគទី៥ចំនួន៦៨ធាតុ»

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។ ក្រោយចុះកិច្ចព្រមព្រៀងនេះ កាលពីខែឧសភា ឆ្នាំ២០០១ គណៈកម្មការស្តីពីកិច្ចការពិសេសនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានដាក់ចេញនូវផែនការសកម្មភាពមួយរវាងគណៈកម្មការទាំងពីរនេះ ក្នុងគោលបំណង ដឹកនាំការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា។

រយៈពេល១៧ឆ្នាំ (២០០០ -២០១៧) នៃប្រតិបត្ដិការនេះ គណៈកម្មការស្តីពីកិច្ចការពិសេស នៃរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាចំនួន១៥។ ដោយមានការសហការការដឹកនាំ យ៉ាងម៉ឹងម៉ាត់ពីសំណាក់គណៈកម្មការស្តីពីកិច្ចការពិសេស ស្ថាប័នគ្រប់ជាន់ថ្នាក់ និងការគាំទ្រពីប្រជាជនកម្ពុជានោះ គឺមកដល់បច្ចុប្បន្ននេះ ការរុករក និងប្រមូលផ្តុំអដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានជាង ១៧,៨៥០អដិ្ឋធាតុ ហើយក៏បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ទីបញ្ចុះនៅប្រទេសវៀតណាមផងដែរ។

ជាមួយគ្នានេះ តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ពិសេស​ស្វែង​រក​អដ្ឋិធាតុ នៅ​សល់​អដ្ឋិធាតុ​របស់​​​ជនជាតិ​វៀតណាម​​ជិត ​៤​ពាន់​នាក់​ទៀត​នៅ​កម្ពុជា ដែល​មិន​ទាន់ត្រូវ​បាន​​រក​ឃើញ​នៅ​ឡើយ​ទេ​។ កម្ពុជា​ និង​វៀតណាម បាន​កំណត់​គោលដៅ​បញ្ចប់​ការ​ស្វែង​រក​អដ្ឋិធាតុ​ ជនជាតិ​វៀតណាមនៅ​កម្ពុជាទាំង​អស់ ហើ​យ​​ធ្វើ​មាតុភូមិ​និវត្តន៍​វិញឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ខាងមុខនេះ​៕