(សៀមរាប)៖ សហគមន៍ទេសចរណ៍បែបធម្មជាតិមួយ (ភូមិជ្រាវ សង្កាត់ជ្រាវ) នាជាយក្រុងសៀមរាប បានរៀបចំពីធីបុណ្យភូមិ ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០១៨ ឈានចូលឆ្នាំ២០១៩ ក្នុងចំណោមភ្ញៀវជាតិ-អន្តរជាតិ និងសហគមន៍ ដែលបានចូលរួមប្រមាណជា ៥០០នាក់ ដើម្បីចូលរួមទាក់ទាញ និងបង្កើតកញ្ចប់ទេសចរណ៍ថ្មីបន្ថែមទៀត។
នេះជាលើកដំបូងហើយ ដែល Jaya Catering Vents គាំទ្រដោយសមាគមចុងភៅកម្ពុជា បានផ្តួចផ្តើមរៀបចំបុណ្យភូមិ អបអរថ្ងៃបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសាកល ខណៈដែលសមាគមចុងភៅកម្ពុជា បានរៀបចំអាហារពេលរាត្រី ជាញឹកញាប់ដើម្បីទទួលភ្ញៀវទេសចរបរទេស នៅទីនោះ ក្នុងការបង្ហាញរសជាតិម្ហូបខ្មែរ។ នៅក្នុងរាត្រីនោះ លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ បានដឹកនាំប្រតិភូភ្ញៀវអន្តរជាតិមួយក្រុមចូលរួមផងដែរ ដែលជាសក្ខីភាពនៃការបង្ហាញ អំពីការគាំទ្រចំពោះការរៀបចំកម្មវិធីនោះ។
លោក ឡុង បូរ៉ា អនុប្រធានចុងភៅកម្ពុជា បានថ្លែងថា សម្រាប់ការរៀបចំកម្មវិធីរាត្រីឆ្លងឆ្នាំនេះ គឺមានគោលបំណងពីរជាសំខាន់រួមមាន៖ ទី១- គឺការបង្ហាញម្ហូបខ្មែរ ដែលពាក់ព័ន្ធទៅលើរសជាតិ និងគុណភាពនៃអាហារូបត្ថម្ភ និងទី២- ដោយផ្អែកថា ខេត្តសៀមរាបគឺជាខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូច្នេះហើយត្រូវចូលរួម ដើម្បីទាក់ទាញ និងបង្កើតកញ្ចប់ទេសចរណ៍ថ្មីបន្ថែមទៀត ជូនភ្ញៀវទេសចរ។
លោកបន្តថា ក្រុមការងារពិតជាមិនមានការរើសអើងនោះទេ ចំពោះការអបអរសាទរចូលរួមសប្បាយរីករាយ ជាមួយប្រពៃណីរបស់មនុស្សជាតិបែបបស្ចឹមប្រទេសនោះ ហើយវាក៏ជាការស្វាគមន៍ ចំពោះវត្តមានភ្ញៀវអន្តរជាតិ ដែលពេញចិត្តឆ្លងឆ្នាំសកលជាប្រពៃណីរបស់ខ្លួន នៅលើទឹកដីប្រវត្តិសាស្រ្ត-អង្គរ ជាមួយនឹងការផ្សព្វផ្សាយវប្បធម៌ប្រពៃណី បុណ្យភូមិរបស់កម្ពុជា ផងដែរ ។
លោក ឡុង បូរ៉ា វាយតម្លៃថា បើយោងតាមទីតាំងតូចល្មម ដែលរៀបចំទទួលភ្ញៀវសម្រាប់ការចូលរួមនេះ ឃើញថា ការរៀបចំនេះទទួលបានជោគជ័យ ដែលមិនគិតស្មានដល់ ដោយសារតែការចូលរួមរបស់ភ្ញៀវជាតិ និងអន្តរជាតិ មានចំនួនដល់ទៅប្រមាណជា ៥០០នាក់ លើសពីការរំពឹងទុក។ ការវាស់ស្ទង់តាមរយៈកម្មវិធីនេះ បញ្ជាក់ឲ្យដឹងដែរថា ភ្ញៀវជាតិមានការចាប់អារម្មណ៍កម្សាន្តសប្បាយតាមបែបជនបទ។
យ៉ាងណាក៏ដោយ កម្មវិធីនេះ បានរួមចំណែកដល់ការថែរក្សាវប្បធម៌ប្រពៃណីខ្មែរផងដែរ បើទោះជាការកម្សាន្តទាំងនោះ វាជាការចូលរួមបុណ្យចូលឆ្នាំថ្មី តាមបែបជាសកលក៏ដោយ៕