(កំពង់ស្ពឺ)៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោក វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានធ្វើឲ្យរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព កងកម្លាំងទាំងបីជុំវិញខេត្តទាំងអស់ មានការអភិវឌ្ឍគួរឲ្យមោទនភាពក្រៃលែង។ ជាក់ស្តែងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៨ ឆ្លងចូលឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើ នៅសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត មានអ្នកទេសចរជាតិ និងអន្តរជាតិ មានការកើនឡើគួរឲ្យកក់សម្គាល់។
ស្របពេលមានការសម្ដែងរបាំ និងមានរៀបចំប្រគំតន្រ្តីរាំកម្សាន្ត ហើយមានការរៀបចំបាញ់កាំជ្រួច នៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ បងប្អូនប្រជាពលរដ្ឋ បានមកទស្សនាប្រម៉ណជិត ៧០,០០០នាក់ ដែលកើន៣.២% ប្រៀបធៀនឹងឆ្នាំ២០១៧។
គេសង្កេតឃើញនៅតាមបរិវេណមន្ទីរ អង្គភាពទីធ្លាសាធារណៈ មានរៀបចំភ្លើងពណ៌ចម្រុះ ដើម្បីលម្អសោភ័ណភាពនៅពេលយប់ គឺចំថ្ងៃថ្ងៃបុណ្យឆ្លងឆ្នាំសកល អាជ្ញាធរបង្កើនការរៀបចំនេះ គឺធ្វើឡើងដើម្បី បង្កើនភាពទាក់ទាញ ទៅដល់ភ្នែកមហាជន ជាភ្ញៀវជាតិ អន្តរជាតិ ដែលបានទៅកម្សាន្ត និងហូបចុកសប្បាយរីករាយជាមួយនឹងមិត្តភក្តិ ក្រុមគ្រួសារ តាមទីធ្លាសាធារណៈ សួនច្បារ ដើម្បីរង់ចាំការមើលការបាញ់កាំជ្រួច ពាក់កណ្ដាលអធ្រាត្រឆ្លង ចូលថ្ងៃទី០១ ខែមករាឆ្នាំ២០១៩។
ដោយឡែកនៅតាមកន្លែងប្រគំតន្រ្តី និងកន្លែងសម្ដែងសិល្បៈវិញ ក៏មានមនុស្សជាច្រើន បានចូលរួមកម្សាន្ត និងរាំលេងសប្បាយ យ៉ាងច្រើនកុះករផងដែរ។
បើយោងទៅតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងពិធីបុណ្យឆ្លងឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩នេះ មានភ្ញៀវកម្សាន្តប្រមាណជាង៦៥,០០០នាក់ នៅក្នុងរយៈពេលដូចគ្នានេះ ឆ្នាំ២០១៧ មានត្រឹមតែ ៦៣,០០០នាក់ ពោលឆ្នាំនេះភ្ញៀវទេសចរកើនឡើង ៣.២%។ អាជ្ញាធរសង្ឃឹមថា ឆ្នាំបន្តនឹងមានភ្ញៀវទៅកម្សាន្ត កាន់ច្រើនឡើងថែមទៀតផងដែរ៕