(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យខណៈប្រទះឃើញសាកសព កុមារីម្នាក់អាយុ២ឆ្នាំ៤ខែ ដែលបាត់ពីផ្ទះអស់រយៈពេល៤ថ្ងៃមកហើយ បន្ទាប់ពីឪពុកម្ដាយ ស្វះស្វែងដើររកច្រកល្ហក តែរកមិនឃើញ។ ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងនៅវេលាម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹកខាងក្រោយផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ក្មេងស្រីដែលប្រទះឃើញសពមានឈ្មោះ វ៉ាន់ នីសា អាយុ២ខួប៤ខែ មានឪពុកឈ្មោះ ស៉ីម វ៉ាន់ អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ ស៊ុន គន្ធា អាយុ២៤ឆ្នាំ រស់នៅភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពខាងលើបានបន្តទៀតថា កុមារីរងគ្រោះខាងលើ បានបាត់ខ្លួនពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០៖០០ព្រឹក ខណៈក្រុមគ្រួសារ បានប្រកាសតាមប្រព័ន្ធទំនាក់ទំនង Facebookថា «សូមបងប្អូនជួយរកក្មេងស្រី ឬបានឃើញក្មេងស្រី ដែលបានបាត់ខ្លួន កាលពីម៉ោងប្រហែល១០៖០០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បើបានឃើញក្មេងស្រី ដូចរូបក្នុងការបង្ហោះនេះ សូមជួយទំនាក់ទំនងមកលេខ ០៩៧៥៣៥០៣៥៧»

រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ម៉ោង៣រសៀល ស្រាប់តែមានពលរដ្ឋ បានប្រទះឃើញអណ្ដែតទឹក ក្នុងស្រះស្លាប់ឡើងហើមទៅហើយ។ ក្រោយសមត្ថកិច្ចជំនាញបានពិនិត្យរួចរាល់ឃើញថា សាកសពកុមារីនេះ គឺរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់ និងប្រគល់សាកសព ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕