(ភ្នំពេញ)៖ សភាកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក (APPF) លើកទី២៧ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព (Strengthening Parliamentary Partnership for Peace, Security and Sustainable Development»។

យោងតាមសេចក្តីជូនដំណឹងរ​បស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញសារព័ត៌មាន​ Fresh News ទទួលបាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ពិធីបើកវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៧ ជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង ៩៖០០នាទី ដោយមានព្រះរាជសារស្វា​​​គមន៍​របស់ ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រកម្ពុជា ជូនដល់វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក។

ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេលបើកវេទិកាសភា ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹ​ទ្ធ​សភា បណ្តាប្រទេសសមាជិកវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ចំនួន២៧ប្រទេស នឹងចូល​រួម ព្រមទាំងវត្តមាននៃគណៈ​​ប្រ​តិភូ​ភ្ញៀវកិត្តិយស និងប្រទេសជាអ្នកសង្កេតការណ៍​។

សូមជម្រាបថា វេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parlia​mentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយចីរភាព។

សភា​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាល​ពី​ឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិ ចំនួន២៧ប្រទេស៕